
រាជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salmanបានចាប់ដៃលោក Volodymyr Zelenskiy អំឡុងជំនួបកំពូលដែលប្រធានាធិបតីអ៊ុយក្រែនរូបនេះ អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីនាំសន្តិភាពមកកាន់ប្រទេសរបស់លោក។
លោក Zelenskiy បានសរសេរនៅលើសារបង្ហោះតាមបណ្តាញព័ត៌មានសង្គមថា ពួកគេទាំង ២ បានជជែកគ្នាពីរូបមន្តសន្តិភាពអ៊ុយក្រែន ហើយលោកបានថ្លែងអំណរគុណដល់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ការរួមចំណែករបស់ពួកគេក្នុងការដោះលែងអ្នកទោស។
កាលពីឆ្នាំមុន នៅក្នុងរដ្ឋប្រហារការទូត រាជទាយាទ Mohammedទទួលបានការដោះលែងអ្នកទោសបរទេស ១០នាក់ រួមទាំងជនជាតិអង់គ្លេស ៥នាក់ និងជនជាតិអាមេរិក ២នាក់ ដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ការដោះលែងអ្នកទោសនេះ ទំនងជាអាចធ្វើឡើងបានដោយសារតែទំនាក់ទំនងជិតស្និតរបស់ទ្រង់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
អ្នកទោសដែលត្រូវបានដោះលែងនេះ រួមមានទាំងជនជាតិក្រូអាតម្នាក់ ជនជាតិម៉ារ៉ុកម្នាក់ និងជនជាតិស៊ុយអែតម្នាក់ ហើយត្រូវបានបញ្ជូនតាមយន្តហោះអារ៉ាប៊ីសាអូឌីត ទៅកាន់ទីក្រុង Riyadh កាលពីខែកញ្ញាឆ្នាំ២០២២។
សារៈសំខាន់របស់រាជាណាចក្រមួយនេះ ដែលជាប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោក ចំពោះទីក្រុងវ៉ាស៊ីងតោន និងទីក្រុងម៉ូស្គូ បានកើនឡើង ស្របពេលដែលសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ធ្វើឲ្យចលាចលទីផ្សារថាមពលសកលលោក ៕