បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី៧ ខែឧសភាបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥នាក់ទៀត ដែលមានទាំងពលករទើបត្រឡប់មកពីប្រទេសថៃ និងអ្នកមកពីរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែឧសភាបានឲ្យដឹងថា លទ្ធផលសំណាកកាលពីថ្ងៃទី៦ ខែឧសភា បានរកឃើញអ្នកជំងឺកូវីដ១៩ ជាពលករទើបត្រឡប់មកពីប្រទេសថៃម្នាក់ ឈ្មោះ ហ៊ុត ហ៊ាង ភេទស្រី អាយុ៣០ឆ្នាំ (ប្រពន្ធរបស់អ្នកមានករណីវិជ្ជមានកូវីដ១៩ ឈ្មោះ នួន សុខេង រកឃើញឆ្លងកាលពីថ្ងៃទី៤ ខែឧសភា) រស់នៅភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ជាបុគ្គលិកអនាម័យនៅផ្សារទំនើបនៅទីក្រុងបាងកក ប្រទេសថៃ ។
នៅល្ងាចថ្ងៃដដែល រដ្ឋបាលខេត្តក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយទៀត រកឃើញអ្នកជំងឺកូវីដ១៩ចំនួន ៤នាក់ទៀត ជាស្ត្រីឈ្មោះ ហ៊ុន លី អាយុ៤៤ឆ្នាំ រស់នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង មុខរបរនៅផ្ទះ ទើបត្រឡប់មកពីរាជធានីភ្នំពេញ រួមនឹងកូនស្រីឈ្មោះ វង្ស ស្រីនាត អាយុ៧ឆ្នាំ កូនប្រុសឈ្មោះ វង្ស ជី អាយុ១០ឆ្នាំ និងចៅស្រីឈ្មោះ ឡុត អាយុ១ឆ្នាំ អ្នកទាំង៤ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ។
ក្នុងរបាយការណ៍សង្ខេប ចុះហត្ថលេខាដោយលោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកជំងឺទាំង ៤នាក់ បានចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា តាមរថយន្តសាំយ៉ុងមិនចាំស្លាកលេខ សរុបមានគ្នា១០នាក់ រួមមានកូន២នាក់ ចៅម្នាក់ អ្នកបើកបរម្នាក់ ព្រូឡានម្នាក់ និងអ្នករួមដំណើរផ្សេងទៀតចំនួន៤នាក់ មកដល់ព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅម៉ោង៤កន្លះរសៀល បានសុំព្រះសង្ឃស្នាក់នៅវត្ត សិរីសួរស្តី មួយយប់ ។
ប្រភពបានបន្តថា នៅព្រឹកថ្ងៃទី៦ ខែឧសភា ពួកគេបានជិះម៉ូតូឌុបពីវត្តទៅចុះនៅមុខផ្សារ ស៊ឹម ឃីម បន្ទាប់មកប្រជាការពារភូមិតាសែន បានជិះកង់បីបញ្ជូនស្ត្រី និងកូនចៅបន្តទៅមណ្ឌលសុខភាពត្រាង និងយកសំណាកវត្ថុវិភាគ។ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិសំពៅលូន បានស្រាវជ្រាវរកឃើញអ្នកប៉ះពាល់សរុបចំនួន ៣នាក់ (ស្រី២នាក់) បានយកសំណាករងចាំលទ្ធផល និងធ្វើចត្តាឡីស័ក ។ ប្រជាការពារភូមិតាសែនបានជិះកង់បីដឹកស្ត្រី និងកូនចៅ ត្រៀមយកសំណាក និងធ្វើចត្តាឡីស័ក ។
បច្ចុប្បន្ននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន១២នាក់ កំពុងសម្រាកព្យាបាល ដោយក្នុងនោះអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ៦នាក់ និងពលករទើបមកពីប្រទេសថៃចំនួន ៦នាក់ ៕អត្ថបទ៖ សុខរិទ្ធ

