
លោក Biren Singh គឺជាអភិបាលរដ្ឋភាគឦសាន Manipur ប្រទេសឥណ្ឌា បាននិយាយថា អំពើហិង្សាថ្មីៗជាច្រើន បានផ្ទុះឡើងនៅរដ្ឋរបស់លោក កាលពីថ្ងៃចន្ទម្សិលមិញ ។
លោក Singh បន្តថា ឧបទ្ទេវហេតុកាលពីថ្ងៃចន្ទ បានកើតឡើងដោយសារតែអំពើហិង្សាដែលបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ហើយនិងបានធ្វើឲ្យមនុស្ស៣នាក់ រងរបួសនិងលំនៅឋានជាច្រើនខ្នង រងការដុតបំផ្លាញ ។
លោក Singh និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីព្យាយាមពន្លត់អណ្តាតភ្លើងដែលបានឆាបឆេះផ្ទះសម្បែងអ្នកស្រុក ។ ក្រុមនគរបាល បានចាប់ខ្លួនពិរុទ្ធជនប្រដាប់ដោយកាំភ្លើងកាណុងមួយផងដែរ ។
លោកបាននិយាយទៀតថា រដ្ឋ Manipur បានមើលឃើញការប៉ះទង្គិចគ្នាដោយហិង្សា អស់រយៈពេល១០ថ្ងៃមកហើយ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ក្រុមជនខិលខូចមិនស្គាល់អត្តសញ្ញាណ បានដុតបំផ្លាញលំនៅឋាន នៅក្នុងស្រុក Imphal West ដែលត្រូវបានគេបោះបង់ចោលដោយប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីតំបន់នោះ អំឡុងការប៉ះទង្គិចគ្នាដែលបានកើតឡើងកាលពីដើមខែនេះ ។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ទៀតថា មនុស្សយ៉ាងហោច ៧១នាក់ ត្រូវបានសម្លាប់ ខណៈដែលមនុស្ស ២៣០នាក់ផ្សេងទៀត បានរងរបួស ហើយលំនៅឋានប្រជាពលរដ្ឋ ១.៧០០ខ្នង រងការដុតបំផ្លាញក្លាយជាផេះ មកទល់នឹងពេលនេះ៕
