
រដ្ឋមន្រ្តីការបរទេសដាណឺម៉ាកលោក Lars Lokke Rasmussen និយាយថា ប្រទេសរបស់លោកចង់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៅខែកក្កដាខាងមុខនេះ ដើម្បីពិភាក្សាលើវិធីស្វែងរកសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែជំនួបបែបនេះ ត្រូវការការចូលរួមពីឥណ្ឌា ចិន និងប្រេស៊ីល។
រដ្ឋមន្រ្តីរូបនេះ និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំក្រុមប្រឹក្សាការបរទេសសហភាពអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា សម្រាប់ជាកិច្ចចាប់ផ្តើម ពួកយើងត្រូវការដាក់កិច្ចខិតខំបង្កើតសហគមន៍សកលលោក ដើម្បីរៀបចំជំនួបបែបនេះ។
លោក Lokke Rasmussenនិយាយថា កិច្ចប្រជុំកំពូលសន្តិភាព មិនអាចចូលរួមតែភាគីសម្ព័ន្ធមិត្តអ៊ុយក្រែនបាននោះទេ ។ វាចាំបាច់ត្រូវបង្កើតចំណាប់អារម្មណ៍ និងការរួមចំណែកពាក់ព័ន្ធពីប្រទេសជាច្រើនដូចជាប្រទេសឥណ្ឌា ប្រេស៊ីល និងចិន ហើយវាពិបាកណាស់សម្រាប់រូបលោកមើលឃើញរុស្ស៊ីចូលរួមកិច្ចប្រជុំកំពូលបែបនេះ ។
លោក Lokke Rasmussenនិយាយទៀតថា បើសិនជាអ៊ុយក្រែនយល់ឃើញថាពេលវេលាមកដល់ហើយសម្រាប់ជំនួបបែបនេះ វាគឺជារឿងអស្ចារ្យខ្លាំងណាស់ ហើយបន្ទាប់មកច្បាស់ណាស់ថា ដាណឺម៉ាកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមួយនេះ ៕