ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនសង្ស័យ៣នាក់វត្ថុតាងគ្រឿងញៀនជិត ២០០គីឡូក្រាម ។
ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង១០នាទី ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យស៊ើបការណ៍ក្រៅ (ក១១) និង (ក៥) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញខេត្តកណ្តាល ស្រាវជ្រាវ-ស៊ើបអង្កេត រហូតឈានដល់ការបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ០៥គោលដៅផ្សេងគ្នា (០៤គោលដៅ ក្នុងរាជធានីភ្នំពេញ និង ០១គោលដៅ នៅខេត្តកណ្តាល)។
គោលដៅទី១ ៖ នៅចំណុចមុខក្រសួងពាណិជ្ជកម្ម មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គោលដៅទី២ ៖ នៅចំណុចផ្ទះជួលលេខ ៦៤E១ ផ្លូវលេខ១១០ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
គោលដៅទី៣ ៖ នៅចំណុច បុរី ពិភពថ្មី ផ្ទះលេខ១០៧ ផ្លូវE ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គោលដៅទី៤ ៖ នៅចំណុច បុរី ពិភពថ្មី ផ្ទះលេខ១២៦ ផ្លូវលេខ៣៥B ភូមិត្រពាំងព្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
និងគោលដៅទី៥ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង០០នាទី សមត្ថកិច្ចបានបន្តទៅឆែកឆេរ នៅចំណុចផ្ទះ ជួលលេខ២CE1 ផ្លូវលេខ១០៩ ក្រុមទី៣១ ភូមិ៣ សង្កាត់អូប្ញស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងកំឡុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ១.ឈ្មោះ សេង គុន្នី ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ។ ២.ឈ្មោះ អ៊ឹម ស្រីពៅ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ។ ៣.ឈ្មោះ លាស់ ណេត ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ។
ដកហូតវត្ថុតាងគ្រឿងញៀន រួមមាន ៖
១-ហេរ៉ូអ៊ីន (HEROINE) ទម្ងន់ជាង ១៣៨ គីឡូក្រាម ។ ២-អ៊ិចស្តាស៊ី (MDMA) ទម្ងន់ជាង ៤ គីឡូក្រាម ។
៣-មេតំហ្វេតាមីន (METHAMPHETAMINE) ទម្ងន់ជាង ៤៦គីឡូក្រាម ។ ៤-កេតាមីន (KETAMINE) ទម្ងន់ជាង ៤គីឡូក្រាម ។
៥-នីមេតាហ្សេប៉ាម (NIMETAZEPAM) ទម្ងន់ ៧៧២,២០ ក្រាម។
សរុបរួមសារធាតុញៀនទម្ងន់ ១៩៣ គីឡូ និង ៩០៨,៤១ ក្រាម) និងសារធាតុមិនច្បាស់ទម្ងន់ ២៣,២១ ក្រាម ។
ចំពោះជនសង្ស័យនិងវត្ដុតាងទាំងអស់សមត្ថកិច្ចជំនាញបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅ
សាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ តារាវុទ្ធី