ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្រ្ដីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារក្រសួង ដែលបានរៀបចំក្រុមសិល្បៈចូលរួមសម្ដែងដ៏អស្ចារ្យក្នុងឱកាសពិធីបិទ-បើក ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅនេះ។
សម្ដេចតេជោ ហ៊ុន សែន រយៈពេល៣ថ្ងៃជាប់គ្នានេះ បានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗចំនួន ៣ ក្នុងនោះ ១. សមិទ្ធផល និងរោកចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ។ ២. អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី៣ សម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃនេះតែម្ដង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅរយៈពេល១ ខែខាងមុខនេះ សម្ដេចនឹងត្រូវជួបជាមួយកម្មករកម្មការិនីចំនួន១៨លើកបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងចំណាយថវិកាលើការបណ្ដុះបណ្ដាលយុវជនគោលដៅចំនួន ១,៥ លាននាក់ ក្នុងនោះ នឹងជ្រើសរើសចំនួន ២ទៅ ៤ភាគរយ សម្រាប់រៀនលើជំនាយវិជ្ជាជីវៈដូនតា នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សម្ដេចតេជោ ហ៊ុន សែន៖«អ្វីៗទាំងអស់គឺត្រូវរស់នៅក្រោមសន្ដិភាពទាំងអស់ បើគ្មានសន្ដិភាពគឺត្រូវរត់ក្រោមគ្រាប់ផ្លោងហើយ»។ ដូច្នេះហើយ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ក៏សម្ដេចត្រូវរក្សាសន្ដិភាពឱ្យបានដែរ កុំឱ្យដល់ពេលបាត់បង់សន្ដិភាពទើបនាំគ្នាសោកស្ដាយ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គណៈសង្ឃស្រុះស្រួលគ្នា និងដោះស្រាយគ្នាដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គមFacebookដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា។
សម្ដេចតេជោ ស្នើឱ្យមានការសម្របសម្រួលគ្នា ឬលុបសេចក្ដីថ្លែងការណ៍ចោលវិញ ករណីរឿងហួសចិត្តមួយកាលពីយប់ម៉ិញនេះ មានគណៈសង្ឃនាយកមួយអង្គរ បានចេញសេចក្ដីថ្លែងការណ៍រិះគន់សម្ដេចសង្ឃព្រះតេជគុណ សៅ ចាន់ថុល ព្រះចៅអធិការវត្តលង្ការ ខណៈព្រះអង្គសុទ្ធតែជាថ្នាក់ដឹកនាំសង្ឃ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសរិះគន់ចំៗចំពោះក្រុមហ៊ុន Internetឈ្មោះ HOME INTERNET ដែលជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាកម្ម Internet ហើយបុគ្គលិកសេវាកម្មក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ ណល់ទៅទៀត។
សម្ដេចតេជោ បានណែនាំដល់បណ្ដាក្រុមហ៊ុនអ៊ីនធឺណិត ត្រូវផ្ដល់សេវាដល់ពលរដ្ឋឱ្យបានល្អតាមការណែនាំរបស់ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សម្ដេចតេជោ ហ៊ុន សែន បន្តណែនាំដល់ក្រុមហ៊ុនលក់ផ្ទះល្វែង ឬបុរី ត្រូវបើកឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធឺណិត អាចចូលទៅភ្ជាប់បណ្ដាញនៅតាមទីតាំងរបស់ខ្លួន គឺមិនត្រូវលក់ផ្ដាច់មុខឱ្យក្រុមហ៊ុនណាមួយនោះទេ។
សម្ដេចតេជោ ប្រកាសលុប និងបិទចោលទាំងអស់ចំពោះបុគ្គលមួយចំនួន ដែលភ្ជាប់បណ្ដាញតេឡេក្រាមផ្ទាល់មកសម្ដេច ប៉ុន្ដែតែងតែនាំរឿង និងផ្ដល់ព័ត៌មានមិនល្អផ្សេងៗមកកាន់សម្ដេច។


















