ប្រធានាធិបតីអ៊ុយក្រែន លោកវ៉្លូឌី ហ្សេលិនស្គី បាននិយាយកាលពីថ្ងៃអង្គារថា លោកបានអញ្ជើញទៅសួរសុខទុក្ខក្រុមទាហានម៉ារីន នៅសមរភូមិខាងកើត ដើម្បីអរគុណពួកគេចំពោះមុខនាទីរបស់ខ្លួននៅក្នុងការទប់ទល់ទៅនឹងការវាយលុករបស់រុស្ស៊ី។

វីដេអូដែលបង្ហោះតាមបណ្ដាញព័ត៌មានសង្គមបានបង្ហាញ លោកហ្សេលិនស្គី ពាក់អាវយឺតយោធា កាគី និងខោកាគី ប្រគល់រង្វាន់ដល់ទាហានម៉ារីន ប្រុស ស្រី ជាច្រើននាក់ក្នុងការត្រៀមប្រយុទ្ធ នៅចំពេលទិវាជាតិរបស់ទាហានម៉ារីនអ៊ុយក្រែន។
លោកហ្សេលិនស្គីបាននិយាយថា បំណងសំខាន់បំផុតរបស់លោក គឺចង់ឲ្យកងទ័ពទទួលជ័យជម្នះគ្រប់សមរភូមិ ហើយយើងយល់ថា ជ័យជម្នះនឹងមិនងាយស្រួលឡើយ ព្រោះវាជាផ្លូវមួយដ៏លំបាកបំផុតក្នុងការឈានឆ្ពោះទៅដណ្តើមជ័យជម្នះនោះ។
យោធាអ៊ុយក្រែនបាននិយាយ នៅក្នុងការផ្ដល់បច្ចុប្បន្នភាពប្រចាំថ្ងៃថា កងទ័ពរបស់ខ្លួន បានវាយទប់នឹងការវាយប្រហារជាច្រើនលើករបស់សត្រូវនៅក្រុងម៉ារីនកា ដែលស្ថិតនៅក្នុងតំបន់ដូនេតភាគខាងកើត។
លោកហ្សេលិនស្គីថែមទាំងប្រគល់ គ្រឿងតុបតែងជាច្រើនឲ្យទៅមេបញ្ជាការអង្គភាពម៉ារីនមួយចំនួន។ ហើយលោកនិយាយថា រដ្ឋាភិបាលអ៊ុយក្រែន នឹងបង្កើតឲ្យមានអង្គភាពម៉ារីនពិសេស ហើយបានសន្យាផ្ដល់គ្រឿងសព្វាវុធ និងយុទ្ធោបករណ៍ថ្មីៗផងដែរ៕