អ៊ុយរុយហ្គាយ៖ គ្រោះរាំងស្ងួតជាប្រវត្ដិសាស្រ្ដនៅក្នុងប្រទេសអ៊ុយរុយហ្កាយ បានធ្វើឲ្យអាងស្ដុកទឹកដែលផ្ដល់ទឹកដល់រដ្ឋធានី ម៉ុនតេវីដេអូ ស្ទើរតែរីងស្ងួតអស់ទៅហើយ។
ភ្លៀងធ្លាក់តិច និងសីតុណ្ហភាពកើនឡើងខ្ពស់នៅទូទាំងតំបន់ខាងត្បូងនៃអាមេរិកខាងត្បូងនេះ បានបង្កឲ្យមានគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំទៅ ដោយបានបង្កផលប៉ះពាល់ដល់ផលដំណាំនៅក្នុងប្រទេសជិតខាងអាហ្សង់ទីន ដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិ និងបានបង្កឲ្យការខាតបង់ដល់ការធ្វើកសិកម្មនៅតំបន់ទីទួល។

យោងតាមក្រុមមន្រ្ដីបានឲ្យដឹងថា ក្នុងប្រទេសអ៊ុយរុយហ្កាយ កង្វះខាតទឹកមានសភាពធ្ងន់ធ្ងរបំផុតនៅក្នុងរយៈពេល៧៤ឆ្នាំមិនធ្លាប់មាន។ ពោលគឺវាកំពុងធ្វើឲ្យប៉ះពាល់ដល់ផ្គត់ផ្គង់សម្រាប់មនុស្សរាប់ម៉ឺននាក់ ហើយកំពុងធ្វើឲ្យគុណភាពទឹកចុះខ្សោយទៀតផង។
លោកហ្វេឌើរីកូ ក្រេមើម៉ាន់ ប្រធានសហជីពកម្មករ នៅឯអង្គភាពOSE បាននិយាយថា ភ្លៀងធ្លាក់តិច ការគ្រប់គ្រងផ្គត់ផ្គង់មិនបានត្រឹមត្រូវ និងកង្វះការវិនិយោគពីរដ្ឋ គឺជាកត្តាដ៏ធំដែលនាំឲ្យមានស្ថានភាពបែបនេះ។ ហើយទឹកសម្រាប់មនុស្សប្រើប្រាស់នេះ ក៏បានជួយបំពេញដល់ការដាំសណ្ដែកសៀង ការចិញ្ចឹមសត្វ និងព្រៃឈើផងដែរ៕