អាមេរិក៖ ចៅក្រមក្រុង New York បានកំណត់កាលបរិច្ឆេទជំនុំជម្រះក្ដីនៅថ្ងៃទី២៥ខែមីនា ឆ្នាំ ២០២៤ សម្រាប់សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានាធិបតី Donald Trump ដែលអាចបង្កើតឲ្យមានព្រឹត្តិកាណ៍ច្រើនតាមប្រព័ន្ធផ្សព្វផ្សាយនៅពាក់កណ្តាលរដូវកាលការបោះឆ្នោតបឋមសម្រាប់បេក្ខជនប្រធានាធិបតីខាងសាធារណរដ្ឋ។

កាលបរិច្ឆេទនៃការកាត់ក្ដីត្រូវបានកំណត់អំឡុងសវនាការខ្លីមួយកាលពីថ្ងៃអង្គារដែលចៅក្រមលោក Juan Merchan បានអានដីកាបង្គាប់ដល់លោកនូវអ្វីដែលលោកអាចនិយាយ និងមិនអាចនិយាយជាសាធារណៈអំពីករណីនេះ និងភស្តុតាង ដែលក្រុមការងារច្បាប់របស់លោកនឹងទទួលពីក្រុមរដ្ឋធាជ្ញាដើម្បីត្រៀមសម្រាប់ការជំនុំជម្រះក្ដីនេះ។
លោក Trump បានចូលខ្លួនក្នុងសវនាការតាមវីដេអូ ដូច្នេះ ចៅក្រមអាចទាក់ទងជាមួយលោកនៅក្នុងតុលាការដោយបើកចំហ។
លោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីខែមុនចំពោះបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន៣៤ករណីនៃការក្លែងបន្លំឯកសារពាណិជ្ជកម្មដោយចេតនាដើម្បីលាក់បាំងការប្រព្រឹត្តិខុសច្បាប់ជាប់ពាក់ព័ន្ធនឹងយុទ្ធនាការាបោះឆ្នោតឆ្នាំ២០១៦របស់លោក។
ការចោទប្រកាន់បទព្រហ្មទណ្ឌទាំងនេះ បានពីការស៊ើបអង្កេតរបស់រដ្ឋអាជ្ញារប្រចាំតំបន់លោក Alvin Bragg ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិតមាត់តារាភាពយន្តអាសអាភាសនាង Stormy Daniels ពាក់ព័ន្ធនឹងសម្ព័ន្ធផ្លូវភេទ ដែលបានកើតមានឡើងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦ ដែលលោក Trump តែងតែច្រានចោលរហូតមក៕