ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ចុះត្រួតពិនិត្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែតមួយ ដែលមានឈ្មោះថា «ហូមអ៊ិនធើណែត» និងតាមបុរីនានា ខណៈសេវាអ៊ិនធើណែតមានការលំបាកក្នុងការប្រើប្រាស់ ហើយក៏បានអំពាវនាវគ្រប់បុរីទាំងអស់ត្រូវធ្វើតាមការណែនាំរបស់ក្រសួងផងដែរ។
ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជិត ៨៨៨នាក់ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សេវាអ៊ិនធើណែត នៅតាមបុរីនានា នៅតែពិបាកក្នុងការប្រើប្រាស់ ដូច្នេះសូមក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ត្រូវចុះត្រួតពិនិត្យជាបន្ទាន់ ខណៈសម័យទំនើបឌីជីថលហើយ តែបែជាសេវាកម្មអ៊ិនធើណែតមានការយឺតយ៉ាវ និងរអាក់រអួលទៅវិញនោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុមហ៊ុនផ្ទះល្វែង និងតាមបុរីទាំងអស់ត្រូវតែធ្វើការសហការគ្នាជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត ឬក្រុមហ៊ុនទូរស័ព្ទទៅភ្ជាប់សេវាកម្មជាមួយទីតាំងរបស់ពួក ខ្លួនផងដែរ ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់អ៊ិនធើណែតដល់អតិថិជន ឬក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ឬផ្ទះល្វែងនោះ។
សម្តេចតេជោ ក៏បានអំពាវនាវឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ត្រូវបង្កើនលើកអង់តែនរបស់ខ្លួនឲ្យបានច្រើន និងគ្រប់ទីកន្លែងផងដែរ៕ អត្ថបទ៖ បាន ចក់









