អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានដង្ហែរក្បួនបាតុកម្មកាលពីថ្ងៃអង្គារ ទៅកាន់សភាអ៊ីស្រាអែល ក្នុងទីក្រុងហ្សេរុយសាឡឹម ជាកន្លែងដែលសមាជិកសភាកំណត់ពេលអនុម័តថវិការដ្ឋ។ ការអនុម័តថវិកានឹងអនុញ្ញាតឲ្យមានការពន្យាពេលផ្នែកនយោបាយមួយចំនួនសម្រាប់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ដែលរដ្ឋាភិបាលចម្រុះស្តាំនិយមជ្រុលរបស់លោក បានប្រឈមនឹងភាពតានតឹងដោយការធ្វើបាតុកម្មជាច្រើនខែមកនេះ ជុំវិញកំណែទម្រង់តុលាការតាមផែនការរបស់លោក។

ប៉ុន្មានម៉ោងមុនពេលការបោះឆ្នោតកាលពីថ្ងៃអង្គារ មនុស្សរាប់ពាន់នាក់បានតវ៉ានៅខាងក្រៅសភា ប្រឆាំងច្បាប់ថវិកា ដែលកំពុងលើកទង់ជាតិអ៊ីស្រាអែល ដោយស្រែកពាក្យផ្សេងៗ និងចុចស៊ីផ្លេ។
លោក Amos Nadai អាយុ៧៥ឆ្នាំ បុគ្គលិកក្រសួងការបរទេសចូលនិវត្តន៍ បាននិយាយថា ខ្ញុំនៅទីនេះ នៅថ្ងៃនេះដើម្បីតវ៉ាប្រឆាំងមនុស្សមួយចំនួនដែលប្លន់យករដ្ឋអ៊ីស្រអែល។ វាជាថវិកាសម្រាប់ពួកគេ សម្រាប់មនុស្សជំនិតរបស់ពួកគេ ហើយវានឹងជាមហន្តរាយសម្រាប់រដ្ឋ។
ដោយប្រឈមទៅនឹងការផ្តល់មូលនិធិនៅនាទីចុងក្រោយ ដែលទាមទាដោយសម្ព័ន្ធមិត្តស្តាំនិយម និងសាសនារបស់លោក ខណៈរដ្ឋាភិបាលរបស់លោក បានខិតជិតដល់កាលកំណត់នៅថ្ងៃទី២៩ ខែ ឧសភា លោក Netanyahu បានបង្ហាញទំនុកចិត្តថា ថវិកានឹងអនុម័ត នៅក្នុងសុន្ទរកថាដែលលោកបានថ្លែង ភ្លាមៗ មុនការបោះឆ្នោតក្នុងសភាបានចាប់ផ្តើម។ លោក Netanyahu បាននិយាយ ដែលអមដោយដៃគូចម្រុះ នៅព័ទ្ធជុំវិញលោកថា យើងកំពុងអនុម័តថវិកាប្រកបដោយការទទួលខុសត្រូវ ជាថវិកា ដែលនៅតែស្ថិតនៅក្នុងក្របខ័ណ្ឌ ជាថវិកាដែលទទួលបានការកោតសរសើរពីទីភ្នាក់ងារវាយតម្លៃសមត្ថភាព។
រដ្ឋាភិបាលកំពុងប្រឈមមុខសម្ពាធសេដ្ឋកិច្ចតាមរយៈការកើនឡើងនៃការចំណាយលើជីវភពរស់នៅ និងការដួលរលំពីការជំរុញការកែទម្រង់ប្រព័ន្ធតុលាការដែលបានផ្អាកនាពេលនេះ ដែលបានបង្កឲ្យមានវិបត្តិនយោបាយអាក្រក់បំផុតរបស់ប្រទេស និងបានធ្វើឲ្យការវិនិយោគចាកចេញ និងកាត់បន្ថយការរំពឹងទុកពីកំណើន៕
