
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពានាវដល់គណៈសង្ឃទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាស្រុះស្រួលគ្នា ដោយឈរលើគោលការសុខដុមនីយកម្មសាសនា។
ការអំពាវនាវរបស់សម្ដេចតេជោ បន្ទាប់ពីកាលពីយប់ថ្ងៃទី២៣ ខែឧសភានេះ មានមន្រ្ដីគណៈសង្ឃនាយកមួយអង្គបានចេញសេចក្ដីថ្លែងការណ៍រិះគន់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ បានអំពាវនាវដល់គណៈសង្ឃជាពិសេសថ្នាក់ដឹកនាំសង្ឃដែលសុទ្ធតែមានងារជាសម្ដេចសូមដោះស្រាយបញ្ហានានា ដោយមានការស្រុះស្រួលគ្នា ឈរលើគោលការណ៍សុខដុមនីយកម្មសាសនា ហើយកុំប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកវាយប្រហារ ឬធ្វើការរិះគន់គ្នា។
សូមជម្រាបថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានរំដោះប្រទេសចេញពីសង្គ្រាម រហូតមានការអភិវឌ្ឍលើគ្រប់វិស័យដល់សព្វថ្ងៃនេះ។ ក្នុងនោះវិស័យសាសនា ប្រទេសកម្ពុជា បានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋនៅក្នុងបាវចនាជាតិ។ ចំណែកសាសនាផ្សេងទៀត ពលរដ្ឋអាចគោរពបូជាទៅតាមជំនឿរឿងៗខ្លួន ដោយគ្មានការបង្ខិតបង្ខំឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា