អេស្ប៉ាញ៖ ជាវិធានការការពារ អាជ្ញាធរប្រទេសអេស្ប៉ាញ បានបិទសាលារៀន សាកលវិទ្យាល័យ និងសេវាសាធារណៈផ្សេងៗ ដូចជាមណ្ឌលថែទាំពេលថ្ងៃ ខណៈភ្លៀងធ្លាក់ខ្លាំងវាយបក់ឆ្លងកាត់ឆ្នេរសមុទ្រភាគអាគ្នេយ៍ កាលពីថ្ងៃអង្គារ ដែលបានបណ្តាលឲ្យជាន់ផ្ទាល់ដីលិចលង់ដោយទឹកជំនន់ ជន់លិចរថយន្ត និងមានការបិទផ្លូវថ្នល់។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា បន្តពេញមួយថ្ងៃអង្គារ ក្នុងតំបន់ដែលទទួលរងគ្រោះធ្ងន់ធ្ងរបំផុត រួមទាំងផ្នែកមួយចំនួននៅតំបន់ Murcia និង Valencia ព្រមទាំងតំបន់ Andalusia ក្នុងពេលមានការព្រមានពីគ្រោះអាសន្នទឹកជំនន់កម្រិតខ្ពស់។

នៅក្នុងទីក្រុង Cartagena អង្គភាពសេវាសង្គ្រោះបន្ទាន់ បានព្យាយាមបង្ហូរចេញទឹកជំនន់ជន់លិចផ្លូវ ជាកន្លែងដែលឃ្លីបវីដេអូ តាមទូរទស្សន៍ក្នុងតំបន់ បានបង្ហាញ ទឹកបានលិចរថយន្តនិងទោចក្រយានយន្តដោយអន្លើដែលបានចតនៅទីនោះ។
ទឹកភ្លៀងធ្លាក់អាចជួយសម្រាលដល់គ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលយូរ ដែលកំពុងប៉ះពាល់ដល់ប្រទេសនេះ។ ប៉ុន្តែទោះជាយ៉ាងណា រដូវកាលនេះគេនៅតែរំពឹងថាជារដូវក្តៅហួតហែងបំផុត លើកំណត់ត្រា។
ទឹកភ្លៀងធ្លាក់នៅទូទាំងប្រទេស នៅចន្លោះខែតុលា ឆ្នាំ២០២២ និងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ទាបជាងជាកម្រិតមធ្យមសម្រាប់អំឡុងពេលនេះ ដែលមានភ្លៀងធ្លាក់តាមធម្មតាកើនឡើងទ្វេដង ដែលជាតម្រូវការរហូតដល់ចុងខែកញ្ញា ទើបឈានដល់កម្រិតធម្មតា៕
