
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសលុប និងបិទចោលទាំងអស់ចំពោះបុគ្គលមួយចំនួនដែលបានភ្ជាប់បណ្ដាញតេឡេក្រាមមកសម្ដេចផ្ទាល់ ប៉ុន្ដែតែងតែផ្ញើសារ និងផ្ដល់ព័ត៌មានមិនល្អផ្សេងៗមកកាន់សម្ដេច ដែលករណីនេះជាការរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពេលវេលាការធ្វើកិច្ចការងារផ្ទាល់របស់សម្ដេច។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែបើកទូលាយចំពោះការផ្ដល់ និងទទួលព័ត៌ដល់ប្រជាពលរដ្ឋ និងសាធារណៈជន តាមរយៈបណ្ដាញសង្គមផ្ទាល់របស់សម្ដេច ដូចជាបណ្ដាញហ្វេសប៊ុក និងតេឡេក្រាមជាដើម។
តាមរយៈបណ្ដាញសង្គមទាំងនេះ ពលរដ្ឋអាចទទួលបានព័ត៌មានផ្សេងៗជាច្រើន ពីសកម្មភាពផ្ទាល់របស់សម្ដេច និងព័ត៌មានសំខាន់ៗនានាពីបណ្ដាញព័ត៌មានដែលទុកចិត្ត ក្នុងល្បឿនលឿនរហ័ស។ ជាមួយគ្នានេះពលរដ្ឋក៏អាចផ្ដល់ព័ត៌មាន និងសូមណូមពរមកកាន់សម្ដេចវិញតាមបណ្ដាញសង្គមទាំងនេះផងដែរ។
សូមជម្រាបថា បច្ចុប្បន្ននេះបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈការចូលគាំទ្រ និងចូលចិត្តពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះប្ចុប្បន្នទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ មានពលរដ្ឋចូលចិត្ត និងគាំទ្ររហូតជាង ១៤ លាននាក់ ចំណែកបណ្ដាញសង្គមតេឡេក្រាមមានជាង ៧២ ម៉ឺននាក់៕