ម៉ិកស៊ីក៖ ប្រជាជនប្រមាណ៣លាននាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួន ខណៈតំបន់ធំៗជាច្រើនរបស់ប្រទេសម៉ិកស៊ីក ត្រូវបានគ្របដណ្តប់ទៅដោយធូលីពីភ្នំភ្លើង Popocatépetl (ប៉ូប៉ូកាតេប៉េតល) ដែលបានធ្វើឲ្យពន្យារពេលជើងហោះហើបណ្តាលឲ្យសាលារៀនជាច្រើន ត្រូវបិទទ្វារ។
ការិយាល័យសម្របសម្រួលការការពារស៊ីវិលជាតិរបស់ប្រទេស បានបង្កើនកម្រិតព្រមានរបស់ខ្លួនដល់ដំណាក់កាលទី៣ព័ណ៌លឿង ដែលបានចេញបញ្ជាឲ្យមានការជម្លៀសខ្លួន និងបានព្រមានប្រជាជនដែលនៅក្បែរនោះត្រៀមសម្រាប់លទ្ធភាពដែលអាចចាកចេញពីតំបន់។
ជំហានបន្ទាប់ ជាការប្រកាសអាសន្នព័ណ៌ក្រហម ដែលបណ្តាលឲ្យមានការជម្លៀសជាកាតព្វកិច្ច ហើយទីជម្រករាប់សិបកន្លែង ត្រូវបានបើករួចជាស្រេចនៅក្នុងតំបន់នៅព័ទ្ធជុំវិញមាត់ភ្នំភ្លើង ជាការបង្ការជាមុន។
ប្រជាជនប្រមាណ២៥លាននាក់ រស់នៅក្នុងចម្ងាយ៦០ម៉ាយពីភ្នំភ្លើង Popocatépetl មានចម្ងាយត្រឹមតែ ៤៥ម៉ាយភាគអាគ្នេយ៍ទីក្រុងម៉ិកស៊ីកូស៊ីធី។
រយៈពេលជាង១សប្តាហ៍ ភ្នំដែលមានកម្ពស់១៧.៧៩៧ហ្វុត ត្រូវបានគេស្គាល់ថា El PoPo មានការផ្ទុះកើនឡើង ដោយព្រួសសំណុំផ្សែងផេះដ៏ក្រាស់ និងថ្មក្តៅ ឡើងលើអាកាស។
សកម្មភាពដែលដឹកនាំដោយរដ្ឋាភិបាលម៉ិកស៊ិក បានបង្កើនកម្រិតព្រមាន និងបានបិទសាលារៀន ក្នុងក្រុងរាប់សិបកន្លែង នៅទូទាំងរដ្ឋចំនួន៣៕

