ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន ១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១១៧៣ កន្លែង សម្រាប់ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី «វេទិកាការងារ» ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃស្អែកនេះចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមហ៊ុនធំទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន ធនាគារ CAB, ក្រុមហ៊ុន CPF (CP), ក្រុមហ៊ុន GOODHILL, MR Training, MEKONGNET, ក្រុមហ៊ុន JACCS,ក្រុមហ៊ុន UDAYA , ក្រុមហ៊ុន RMA, និងក្រុមហ៊ុន PATE POK, ក្រុមហ៊ុន MJQ Mengly J. Quach Education។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន។
កញ្ញា ដា គីមយ៉េង បុគ្គលិកផ្នែកស្វែងរក និងជ្រើសរើសធនធនធានមនុស្សនៃក្រុមហ៊ុន CP បានលើកឡើងថា ដោយសារតែឃើញភ្នាក់ងារ NEA បានផ្សព្វផ្សាយពីឱកាសការងារ និងរៀបចំវេទិកាការងារស្ទើរគ្រប់ទីកន្លែង ដើម្បីជួយដល់អ្នកមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ ទើបក្រុមហ៊ុនស្នើសុំ NEA ដើម្បីចូលរួមផ្សព្វផ្សាយពីឱកាសការងារផងដែរ។
សូមជម្រាបថា កម្មវិធី «វេទិកាការងារ» នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិក និង កម្មករនិយោជិត។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕







