ភ្នំពេញ៖ ទេសចរកម្ពុជា បានចាប់ផ្តើមនាំគ្នាទៅទស្សនាកម្សាន្តនៅខេត្តហៃណាន ប្រទេសចិន តាមកញ្ចប់ទេសចរណ៍តម្លៃថោក ក្រោយបណ្តាក្រុមហ៊ុនការីទេសចរណ៍កម្ពុជា និងការីទេសចរណ៍ខេត្តហៃណាន បានសហការបញ្ចុះតម្លៃកញ្ចប់ទេសចរណ៍ទស្សនាខេត្តហៃណានក្នុងកម្រិតទាបបំផុត ។
ក្រុមភ្ញៀវទេសចរកម្ពុជា ដែលបានទទួលទស្សនាកម្សាន្តក្រុងហៃខូ ខេត្តហៃណានប្រទេសចិន ថ្ងៃទី២៤ ខែឧសភានេះ បានថ្លែងថា នេះជាលើកដំបូងហើយ ដែលយើងទាំងអស់គ្នាជាភ្ញៀវទេសចរនៅប្រទេសកម្ពុជា បានមកទស្សនាកម្សាន្តតំបន់ទេសចរណ៍នានា នៅខេត្តហៃណានប្រទេសចិន រយៈពេល១សប្តាហ៍ ក្រោយរដ្ឋាភិបាលចិនបានប្រកាសបើកប្រទេសវិញ នៅដើមឆ្នាំ២០២៣នេះ។
លោក ហង្ស សំបូរ តំណាងក្រុមហ៊ុនការីទេសចរណ៍កម្ពុជា VR Smile បានថ្លែងថា ក្រុមហ៊ុនការីទេសចរណ៍របស់លោក រួមទាំងក្រុមហ៊ុនការីទេសចរណ៍ទេសចរណ៍នានាទៀតជាច្រើននាំគ្នាទៅខេត្តហៃណាន ដើម្បីបង្កើតកិច្ចសហការជាមួយបណ្តាក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់នានាទៀត នៅខេត្តហៃណាន គឺរៀបចំកញ្ចប់ទេសចរណ៍ ពីកម្ពុជា មកទស្សនាខេត្តហៃណាន និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឲ្យទេសចរខេត្តហៃណានទៅទស្សនាកម្ពុជាវិញ។
សូមបញ្ជាក់ថា ខេត្តហៃណានជាខេត្តគោលដៅទេសចរណ៍ធំៗជាងគេនៅប្រទេសចិន ហើយក៏ជាខេត្តមួយដំបូងគេរបស់ប្រទេសចិន ដែលបានអនុញ្ញាតឲ្យអ្នកដំណើរឬទេសចរកម្ពុជា ធ្វើVISA ON ARRIVAL ឬបើកធ្វើទិដ្ឋាការស្នាកនៅទេសចរណ៍ នៅពេលទៅដល់ខេត្តហៃណានប្រទេសចិន ខណៈក្រុមហ៊ុន Hainan youtuan International Travel Agency ក៏បានប្រកាសជួលជើងហោះភ្នំពេញ ហៃគូ និងចំណាយថវិកាជាច្រើនទិញសណ្ឋាគារ ភោជនីយដ្ឋាន និងសំបុត្រទេសចរណ៍ ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ឲ្យមានតម្លៃទាបល្អបំផុតទាក់ទាញទេសចរកម្ពុជាទស្សនាប្រទេសចិន និងពីចិនទៅទស្សនាកម្ពុជាវិញ៕ អត្ថបទ ស៊ុមសុខជា