ភ្នំពេញ៖ មូលនិធិជនពិការ ក្នុងការបំពេញបេសកកម្មការងាររបស់ខ្លួន មកទល់បច្ចុប្បន្ននេះ គឺបានសាងសង់ និងប្រគល់ផ្ទះជូនជនពិការមានជីវភាពក្រីក្របានជិត ៤០ផ្ទះមកហើយ។
មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបន្តប្រគល់ផ្ទះជូនពិការមានជីវភាពក្រីក្រ។ ជាក់ស្ដែងនៅថ្ងៃទី ២៣ ខែ ឧសភានេះ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ បានចុះប្រគល់ផ្ទះ ១ខ្នង ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ ជឿន ធឿន រស់នៅ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឯកឧត្តម ស៊ឹម សុធន បានលើកឡើងថា តាំងពីឆ្នាំ២០១៩មក មូលនិធិជនពិការ បានសាងសង់ផ្ទះជូនជនពិការក្រីក្រចំនួន ៣៩ ខ្នងរួចមកហើយទូទាំងប្រទេស។
ចំពោះផ្ទះ១ខ្នង គឺប្រើប្រាស់ថវិកាអស់ចំនួន ២០លានរៀល ដែលជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងថវិកាពីសប្បុរសជននានាដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរធម៌មូលនិធិជនពិការ។
ឯកឧត្តម ក៏បានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរបស់បងប្អូនជនមានពិការភាព។
ផ្ទះថ្មី១ខ្នងនេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនមានពិការភាពក្រីក្រ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារជនពិការឱ្យទទួលបានសុខុមាលភាព និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។
ក្នុងពិធីនេះដែរ ក៏មានការផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាមួយចំនួន អង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕ អត្ថបទ៖ គឹមហុក