កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសម្ភោធប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ (AquaTower & AquaSan) នៅក្នុងវិទ្យាល័យ អ៊ិជិយីគិ ដែលស្ថិតនៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣នេះ។
ក្រោមបរិយាកាសដ៏រីករាយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្ដីសប្បាយរីករាយ ដែលបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ក្រុមគ្រួសារ ស.ស.យ.ក. ក្រុមការងាររបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងប្អូនៗសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ អ៊ិជិយីគិ វាលពង់ ក្នុងពិធីសម្ភោធប៉មចមោះទឹកស្អាត និងម៉ាស៊ីនអនាម័យ នាថ្ងៃនេះ។ នេះជាលើកទី១ ដែលបានមកចូលរួមជាមួយអ្នកវាលពង់ ក្នុងក្រមខណ្ឌក្រុងឧដុង្គម៉ែជ័យ ដែលពីមុនសង្កាត់វាលពង់ ស្ថិតក្នុងក្រុងឧដុង្គ។ ឯកឧត្តម ជឿថា ស្មារតី និងឆន្ទៈរបស់ប្រជាជនវាលពង់បច្ចុប្បន្ន នៅតែជាវាលពង់ នៃក្រុងឧដុង្គ និងសូមចូលរួមអបអរសាទរ ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ អ៊ិជិយីគិ វាលពង់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅជុំវិញទីនេះ ទទួលបាននូវសមិទ្ធផលថ្មី ដែលជួយលើកកម្ពស់សុខភាព អនាម័យ និងបំពេញសេចក្តីត្រូវការក្នុងការទទួលទានប្រចាំថ្ងៃផងដែរ។
ទន្ទឹមគ្នានោះដែរ លោក ព្រាប កុយវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី និងបានធ្វើរបាយការណ៍សង្ខេបពីសកម្មភាព ក៏ដូចជាប្រវត្តិរបស់ក្រុងឧដុង្គម៉ែជ័យ រួមទាំងវិទ្យាល័យ អ៊ិជិយីគិ វាលពង់ ផងដែរ។ ផ្សារភ្ជាប់ជាមួយគ្នា លោកបានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែចំណាយពេលវេលាចំពោះកិច្ចការងារមូលដ្ឋាន ជាពិសេសលើការលើកកម្ពស់វិស័យអប់រំ នៅក្រុងឧដុង្គម៉ែជ័យ តាមរយៈការជួយគាំទ្រវគ្គបំប៉នសម្រាប់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងកិច្ចសហការជាមួយក្រុមហ៊ុន ដែលបាន និងកំពុងបន្តសហការជាមួយអង្គការ ជាបន្តបន្ទាប់បានសាងសង់ប៉មចម្រោះទឹកស្អាតនេះឡើង នៅតាមសហគមន៍ ក្នុងនោះក៏មានខេត្តកំពង់ស្ពឺចំនួន៦ផងដែរ៕ ដោយ ៖ រដ្ឋា










