
យោងតាមបណ្ដុំទិន្នន័យ ដែលចេញផ្សាយដោយអង្គភាពប្រមូលទិន្នន័យ K-12 School Shooting Database កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ការបាញ់ប្រហារនៅសាលារៀនជាង ១.០០០ករណី បានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក គិតចាប់តាំងពីឆ្នាំ២០១៨ មក។
តួលេខចុងក្រោយបំផុតពីបណ្តុំទិន្នន័យនេះ បានបង្ហាញថា ការបាញ់ប្រហារនៅសាលារៀន នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ មានជាង ៤០ភាគរយនៃចំនួនបាញ់ប្រហារសរុប ក្នុងសាលារៀនរបស់ប្រទេស គិតចាប់តាំងពីឆ្នាំ១៩៧០ មក។
យោងតាមទិន្នន័យនោះ គិតត្រឹមតែក្នុងឆ្នាំ២០២២ តែមួយប៉ុណ្ណោះ ឧបទ្ទវហេតុជាង ៣០០ករណី ពាក់ព័ន្ធនឹងអាវុធ បានធ្វើឲ្យរង្គោះរង្គើដល់សាលារៀននានារបស់អាមេរិក ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ២៧០នាក់។
ក្នុងចំណោមករណីបាញ់ប្រហារ នៅសាលារៀន ដែលបានកត់ត្រា ក្នុងអង្គភាពប្រមូលទិន្នន័យនេះ ចំនួនឡើងដល់ ៦០ភាគរយ បានកើតឡើងនៅសាលាវិទ្យាល័យ។ ដោយសាលាវិទ្យាល័យមានចំនួន២៣.៩០០កន្លែង នៅសហរដ្ឋអាមេរិក នោះមានន័យថា វិទ្យាល័យពីរកន្លែងក្នុងចំណោមវិទ្យាល័យ១០០កន្លែង បានឃើញហេតុការណ៍បាញ់ប្រហារនេះកើតឡើង។
ការស្ទង់មតិឆ្នាំ២០២២ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញថា ប្រមាណជាមួយភាគបីនៃឪពុកម្តាយរបស់កុមារៗ ដែលគ្រប់អាយុចូលរៀន បាននិយាយថា ពួកគេមានកង្វល់យ៉ាងខ្លាំងពីការបាញ់ប្រហារ ដែលកើតឡើង នៅឯសាលារៀនរបស់កូនៗពួកគេ៕
