
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានជួបជាមួយលោក Narendra Modi សមភាគីឥណ្ឌារបស់លោក នៅក្នុងទីក្រុង Sydney នៅថ្ងៃពុធទី២៤ ខែឧសភានេះ ដើម្បីពិភាក្សាអំពីសន្តិសុខតំបន់ និងទំនាក់ទំនងសេដ្ឋកិច្ច និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តោប្រវេសន៍ ដើម្បីជំរុញឲ្យនិស្សិតឥណ្ឌា និងពាណិជ្ជករធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។
លោក Albanese និងលោក Modi បាននិយាយថា ប្រទេសកិច្ចសន្ទនាយុទ្ធសាស្ត្រ Quad ទាំងពីរ បានពិភាក្សាពីពាណិជ្ជកម្ម អន្តោប្រវេសន៍ ថាមពលកកើតឡើងវិញ និងបានបង្កើតក្រុមការងារពិសេសផ្នែកថាមពលអ៊ីដ្រូហ្សែន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត។
លោក Modi បានប្រាប់អ្នកសារព័ត៌មានថា លោក និងលោក Albanese ក៏បានពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឥណ្ឌា-អូស្ត្រាលី ឲ្យឈានដល់កម្រិតកាន់តែខ្ពស់ក្នុងទសវត្សរ៍ខាងមុខនេះ។
ប្រទេសអូស្ត្រាលី ដែលដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន គឺប្រទេសចិននោះ កំពុងព្យាយាមធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន រួមទាំងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយប្រទេសឥណ្ឌា តាមរយៈកិច្ចសហប្រតិបត្តិការដែលបានបង្កើន លើការធ្វើអាជីវកម្មរ៉ែ និងសារធាតុរ៉ែសំខាន់ៗដទៃទៀត៕