ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស « បុរិន្ទកោះពេជ្រ » ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយមជ្ឈមណ្ឌលកែសម្ផស្សមួយនេះ បានវះកាត់កែសម្ផស្សលើស្ត្រីម្នាក់ បណ្តាលអោយស្លាប់ ។
នៅក្នុងសេចក្តីសម្រេចផ្លូវការណ៍របស់ក្រសួងសុខាភិបាល មានខ្លឹមសារថា ៖ ក្រសួងសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត ។
ស្ត្រីជាជនរងគ្រោះ ក្នុងការកែសម្ផស្សខាងលើនេះ មានឈ្មោះ ស៊ីនួន រិទ្ធីយ៉ា ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅ នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានប្ដីឈ្មោះ សំរិទ្ធរមនា និងមានកូនចំនួន៣នាក់ផងដែរ ។
ជនរងគ្រោះបានទៅទទួលយកសេវា នៃការវះកាត់កែសម្ផស្សកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដោយវះកាត់ខ្លាញ់ក្បាលពោះ សំបកភ្នែក និងចាក់ថ្ពាល់ ។ ក្រោយការវះកាត់រួចប្រមាណ២ម៉ោង ស្រាប់តែអាការះរបស់ជនរងគ្រោះហាក់មានសភាពធ្ងន់ធ្ងរ ក៏ខាងមជ្ឈមណ្ឌលកែសម្ផស្សធ្វើការបញ្ចូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែដោយសារស្ថានភាពអាការះធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់នៅល្ងាចថ្ងៃទី២១ ខែឆ្នាំដដែល ។
ផ្អែកតាមលិខិតបញ្ជាក់ពីខាងមន្ទីរពេទ្យកាល់ម៉ែត្រ បញ្ជាក់ថា « ជនរងគ្រោះបាត់បង់ឈាមច្រើន ដោយសារវះកាត់ស្រទាប់ខ្លាញ់ក្រោមក្បាលពោះ ហើយបន្ទាប់មកមានសញ្ញាបេះដូងឈប់ដើរ » ។
បច្ចុប្បន្នសពស្ត្រីរងគ្រោះ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ឋិតក្នុងខេត្តកំពង់ស្ពឺ បើតាមប្រភពពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ បញ្ជាក់ថា នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សពនឹងត្រូវបូជា តាមប្រពៃណីហើយ ។
ដោយឡែកចំពោះ ម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ សមត្ថកិច្ចសាធារណះកំពុងមានវិធានការណ៍ច្បាប់ផងដែរ ក្រោយមានលិខិតសម្រេចជាផ្លូវការណ៍ពីក្រសួងសុខាភិបាល ៕ ដោយ ៖ លីហេង












