រតនគិរី៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជំរុញ និងជួយលើកកម្ពស់ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី តាមរយៈចំណុចសំខាន់មួយចំនួន ខណៈរាជរដ្ឋាភិបាល កំពុងយកចិត្តទុកជាខ្លាំង ក្នុងកាអភិវឌ្ឍវិស័យនេះតាមរយៈការដាក់ចេញនូវយន្តការផ្សេងៗ ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករក្នុងភូមិព្រួល ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា បន្ទាប់ពីកសិករអនុវត្តបានជោគជ័យលើកគម្រោង អាស្ពាយ (ASPIRE) ក្រសួងនឹងបន្តជំរុញលើកកម្ពស់វិស័យកសិកម្មដាំដុះជូនប្រជាកសិករនៅមូលដ្ឋាននេះបន្ថែមទៀត ព្រមទាំងបន្តស្វែងរកថវិកា ជួយសាងសង់ផ្ទះសំណាញ់ ដល់ប្រជាកសិករ រួមទាំងការបង្រៀននូវបច្ចេកទេសដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ឲ្យទទួលបានទិន្នផលល្អ។
ឯកឧត្តមបានបន្តថា ក្រសួងនឹងចងក្រងនូវបណ្ដុំអ្នកផលិតបន្លែសុវត្ថិភាព ហើយជំរុញទៅមន្ទីរកសិកម្មខេត្តរតនគិរី ស្វែងរកទីផ្សារសម្រាប់កសិករ ដើម្បីឲ្យពួកគាត់អាចលក់បន្លែ និងអនុវត្តគម្រោងនេះឲ្យបានជោគជ័យ និងធ្វើឲ្យជីវភាពរបស់ពលរដ្ឋ កាន់តែល្អប្រសើរ ។ ឯកឧត្តម ឌិត ទីណា បានបន្ថែមថា ក្រៅពីការដាំបន្លែ ក៏ជំរុញផងដែរដល់មន្ត្រីកសិកម្មក្នុងការជួយដល់កសិករលើការងារចិញ្ចឹមសត្វ។
ពលរដ្ឋរស់នៅភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ដែលបានអនុវត្តនូវកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធុននឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា អាស្ពាយ (ASPIRE) លើកឡើងថា តាមរយៈគម្រោងនេះ បានជួយសម្រាលជីភាពរបស់ពួកគាត់ប្រសើរជាងមុន ដោយក្នុងនោះកសិផលដែលផលិតបាន មានបរិមាណខ្ពស់ជាងមុន ។
គួរបញ្ជាក់ថា ការអនុវត្តកម្មវិធីគម្រោង ASPIRE មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ទទួលបានថវិកា និងបច្ចេកទេសពីរាជរដ្ឋាភិបាល និងមូលនិធិកសិកម្ម (IFAD) ចាប់ពីចុងឆ្នាំ២០១៩ និងបានបញ្ចប់នៅឆ្នាំ២០២២ ។ តាមរយៈគម្រោងនេះ ខេត្តរតនគិរី បានអនុវត្តក្នុងស្រុកគោលដៅចំនួន ៦ស្រុក ឃុំចំនួន៣១ និង៩៥ភូមិ ដោយបានចងក្រងបណ្ដុំអាជីវកម្មដំឡូមី ដាំបន្លែ ស្រូវ បន្លែក្នុងផ្ទះសំណាញ់ បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ចិញ្ចឹមគោ ចិញ្ចឹមត្រីជាដើម ៕ អត្ថបទ៖ បាន សុខរឹទ្ធ
