
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចេញការព្រមានត្រង់ៗដល់ឪពុកម្តាយ ក្រុមហ៊ុនបច្ចេកវិទ្យា និងនិយ័តករ ដោយនិយាយថា ភស្តុតាងកំពុងកើនឡើងដែលថា ការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កុមារ។ នៅក្នុងការណែនាំដ៏វែងមួយ ប្រធានអង្គភាពសុខភាពសាធារណៈសហរដ្ឋអាមេរិកលោក Vivek Murthy បាននិយាយថា ខណៈចង់សំដៅគុណប្រយោជន៍ មានអ្នកចង្អុលបង្ហាញជាច្រើនថា បណ្តាញផ្សព្វផ្សាយសង្គមមានហានីភ័យធំធេងនៃផលប៉ះពាល់ចំពោះសុខភាពខួរក្បាល សុខុមាលភាពកុមារនិងមនុស្សវ័យជំទង់។
យោងតាមក្រសួងសុខាភិបាលនិងប្រជាសេវាបានឲ្យដឹងថា ការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ដោយមនុស្សវ័យក្មេងនៅក្នុងសហរដ្ឋអាមេរិកគឺស្ទើរតែទូទៅ ដោយមានរហូតដល់៩៥ភាគរយនៃមនុស្សវ័យជំទង់ ដែលបានរាយការណ៍ថាកំពុងប្រើប្រាស់វេទិការសង្គម និងច្រើនជាង១ភាគ៣និយាយថាពួកគេបានធ្វើដូច្នេះស្ទើរតែជានិច្ចកាលទៅហើយ។ របាយការណ៍របស់លោក Murthy បាននិយាយថា បណ្តាញផ្សព្វផ្សាយសង្គម អាចជួយកុមារ មនុស្សវ័យជំទង់ស្វែងរកសហគមន៍មួយដើម្បីទំនាក់ទំនង ប៉ុន្តែរឿងនោះ ក៏មានខ្លឹមសារដែលផ្តល់ផលប៉ះពាល់ ភាពមិនសមរម្យនិងភាពជ្រុលនិយម ដែលអាចបណ្តាលឲ្យកើតមានការធ្វើទុក្ខទោសដល់ខ្លួនឯង និងការធ្វើអត្តឃាត។ របាយការណ៍នេះ បានព្រមានថា វាអាចបន្តធ្វើឲ្យខ្លួនឯងមិនពេញចិត្ត វិប្បល្លាសស្មារតី និងបាក់ទឹកចិត្ត និងបង្ហាញឲ្យកុមារបានដឹងតាមអនឡាញនូវការធ្វើឲ្យភ័យខ្លាច ខណៈពួកគេកំពុងស្ថិតក្នុងដំណាក់កាលសំខាន់ក្នុងការលូតលាស់ខួរក្បាល។
លោក Murthy បានអំពាវនាវដល់អ្នកបង្កើតគោលនយោបាយដើម្បីពង្រឹងស្តង់ដារសុវត្ថិភាព ជុំវិញបណ្តាញផ្សព្វផ្សាយសង្គម និងជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាវាយតម្លៃដោយការទទួលខុសត្រូវពីផលប៉ះពាល់នៃផលិតផលរបស់ពួកគេលើកុមារ និងការបែងចែងទិន្នន័យជាមួយក្រុមអ្នកស្រាវជ្រាវ។