
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin (មីខាអ៊ីល មីស៊ូសទីន) ដែលធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន បាននិយាយនៅថ្ងៃពុធ (ទី២៤ ខែឧសភា)នេះថាទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិន គឺស្ថិតនៅក្នុងកម្រិតខ្ពស់ «ដែលមិនធ្លាប់មានពីមុនមក»។
ចំណែកនាយករដ្ឋមន្ត្រីចិនលោក Li Qiang ( លី ឈាង) បានថ្លែងក្នុងអំឡុងពេលពិភាក្សាជាមួយលោក Mishustin ថាប្រទេសចិនមានឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការ «ដែលគិតលើហេតុផល» រវាងប្រទេស ទៅកាន់កម្រិតថ្មីមួយ។
លោក Mishustin គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់រុស្ស៊ី ដែលមកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ចាប់តាំងពីទីក្រុងមូស្គូ បានបញ្ជូនកងទ័ពរបស់ខ្លួនរាប់ពាន់នាក់ទៅវាយលុកប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចនេះ កើតមានឡើង បន្ទាប់ពីរុស្ស៊ី និងចិន បានប្រតិកម្មទាំងកំហឹងចំពោះសេចក្តីថ្លែងការណ៍កាលពីចុងសប្តាហ៍របស់ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ (G7) ដែលបានសំដៅមកលើមហាអំណាចទាំងពីរសម្រាប់បញ្ហាជាច្រើន ក្នុងនោះរួមទាំងអ៊ុយក្រែនផងដែរ៕