រុស្ស៊ី៖ អ្នកវិភាគឈាននាំមុខម្នាក់ បាននិយាយថា ការចូលវាយឆ្មក់របស់ពួកសកម្មប្រយុទ្ធក្នុងតំបន់បេលហ្គូរ៉ូត (Belgorod )គឺជាការបង្ហាញនូវកម្លាំងរបស់អ៊ុយក្រែន នៅមុនការវាយបកដែលអាចមានសន្ទុះខ្លាំងក្លា ខណៈដែលខ្លួនអាចបង្ខំឲ្យវិមានក្រឹមឡាំងត្រូវបង្វែរកងទ័ពចេញពីសមរភូមិមុខ។
ទីក្រុងគីវ កំពុងត្រៀមវាយបកដ៏ធំមួយ ដែលខ្លួនសង្ឃឹមថា នៅទីបំផុត នឹងយកឈ្នះសង្គ្រាមបង្ករឿងរបស់រុស្ស៊ី។

លោក គៀ ជីល(Keir Giles)ដែលធ្វើការជាមួយនឹងកម្មវិធីរុស្ស៊ី និងអឺរ៉ុបអាស៊ី នៅឯ វិទ្យាស្ថានកិច្ចការអន្តរជាតិ Chatham House បាននិយាយថា នេះបង្ហាញឲ្យឃើញថា ព្រំដែនរបស់រុស្ស៊ី មិនមានអ្នកការពារ ហើយសកម្មភាពនេះ តាមពិតទៅ នឹងធ្វើឲ្យរុស្ស៊ីត្រូវតែបង្វែរកងទ័ពចេញពីសមរភូមិទៅកន្លែងផ្សេងក្នុងប្រទេសអ៊ុយក្រែន ដែលចាំបាច់ត្រូវព្យាយាមបន្ថែមកម្លាំងនៅព្រំដែន។
រដ្ឋមន្រ្ដីការពារជាតិរុស្ស៊ី លោកស៊ើហ្គេ សយហ្គូ កាលពីថ្ងៃពុធបានប្ដេជ្ញាថា ក្រុងមូស្គូ នឹងឆ្លើយតបទៅនឹងការវាយឆ្មក់ឆ្លងកាត់ព្រំដែនណាមួយ ដោយពួកសកម្មប្រយុទ្ធអ៊ុយក្រែនឲ្យបានខ្លាំងក្លាបំផុត។
ដោយឡែករដ្ឋាភិបាលអ៊ុយក្រែន បានបដិសេធការពាក់ព័ន្ធនឹងវាយប្រហារ ដែលត្រូវបានអះអាងដោយក្រុមប្រដាប់អាវុធពីរក្រុមប្រឆាំងវិមានក្រឹមឡាំងនោះ។