ប៉ាគីស្ថាន៖ នៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បាននិយាយថា លោក នឹងបង្កើតគណៈកម្មាធិការចរចាដែលនឹងផ្តល់ការជួបពិភាក្សាជាមួយអាជ្ញាធររដ្ឋដើម្បីស្វែងរកមធ្យោបាយពីស្ថានភាពទ័លច្រក។ លោកបាននិយាយថាប្រសិនបើគណៈកម្មាធិការត្រូវបានកោះប្រជុំនោះបញ្ហាអាចត្រូវបានដោះស្រាយ ដោយលោកទុករឿងនយោបាយមួយឡែក ឬពុំចាំបាច់និយាយពីការបោះឆ្នោតមុនអាណត្តិនោះទេ លោកនឹងធ្វើតាម។

លោក Khan និយាយថា ការចោទប្រកាន់អំពើពុករលួយគឺជារឿងប្រឌិតឡើង ហើយក្រុមការងាររបស់លោកកំពុងត្រូវបានបង្ខំស្ថិតក្រោមការឃុំឃាំងពីរដ្ឋាភិបាល និងយោធានៅក្នុងឧបាយកលដើម្បីរំលាយគណបក្សរបស់លោក មុនការបោះឆ្នោត ដែលកំណត់ពេលនៅឆ្នាំនេះ។
លោកជួបភាពច្របូកច្របល់ក្នុងការទប់ទល់ជាមួយយោធា ចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំមុននៅក្នុងការបោះឆ្នោតនៅសភា ដែលលោកបាននិយាយថាត្រូវបានរៀបចំដោយឧត្តមសេនីយ៍ជាន់ខ្ពស់របស់ប្រទេស ប៉ុន្តែយោធាបានបដិសេធបញ្ហានេះ។ លោក Khan គឺជាមេដឹកនាំមានប្រជាប្រិយភាពបំផុតរបស់ប្រទេសប៉ាគីស្ថានដែលយោងតាមការបោះឆ្នោតក្នុងតំបន់ ខណៈយោធាគឺជាស្ថាប័នមានបំណាចបំផុតរបស់ប្រទេសដែលបានគ្រប់គ្រងដោយផ្ទាល់ឬគ្រប់គ្រងរដ្ឋាភិបាលក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំរបស់ប្រទេសប៉ាគីស្ថាន។

ការប្រឈមមុខដាក់គ្នា បានបង្កើនការព្រួយបារម្ភថ្មីអំពីស្ថិរភាពរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលមានប្រជាជន២២០លាននាក់ ខណៈប្រទេសនេះតស៊ូក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួនក្នុង រយៈពេលជាច្រើនទសវត្សរ៍មកនេះ៕