ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំនួន ៣៥ លើក ដោយចំណាយអស់ថវិការដ្ឋអស់ចំនួន ៤.២២៧ ០៤៧ ៤៣១ ០០០ (បួនពាន់ពីររយម្ភៃប្រាំពីរប៊ីលាន សែសិបប្រាំពីរលាន បួនរយសាមសិបមួយពាន់រៀលគត់) ស្មើនឹង ១ ០៥៦.៧៦ លានដុល្លារអាមេរិក។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ១៣ ជុំ មាន ៣៥ លើក រួចមកហើយ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា សរុបការចំណាយលើការអនុវត្តកម្មវិធីចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ (៣៥លើក) អស់ថវិការដ្ឋចំនួន ៤.២២៧ ០៤៧ ៤៣១ ០០០ (បួនពាន់ពីររយម្ភៃប្រាំពីរប៊ីលាន សែសិបប្រាំពីរលាន បួនរយសាមសិបមួយពាន់រៀលគត់) ស្មើនឹង ១ ០៥៦.៧៦ លានដុល្លារអាមេរិក។
ក្រសួងបញ្ជាក់ថា សម្រាប់ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី១៣ លើកទី២ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មានរយៈពេល ៣០ថ្ងៃ ដែលមានគ្រួសារទទួលបានការឧបត្ថម្ភសរុបជាង ៧០ ម៉ឺនគ្រួសារ៕




