ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យលើបណ្តឹងរបស់គណបក្សនយោបាយចំនួនពីរ ដែលត្រូវបាន គ.ជ.ប បដិសេធមិនឲ្យការចូលរួមការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គលើបណ្តឹងរបស់គណបក្សនយោបាយចំនួនពីរនោះ ធ្វើឡើងយោងតាមបណ្តឹងរបស់ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បន្ទាប់ពី គ.ជ.ប បដិសេធមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
មកដល់ពេលនេះ ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងបន្តការពិភាក្សា មុនចេញនូវសេចក្តីសម្រេចណាមួយ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូលមានតួនាទីពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់ដែលពាក់ព័ន្ធទៅលើបណ្តឹងរបស់គណបក្សនយោបាយទាំងពីរខាងលើ។
យ៉ាងណាមិញក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយកាលពីពេលកន្លងទៅ គ.ជ.ប បានប្រកាសទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយចំនួន១៨ ដែលបានបំពេញគ្រប់លក្ខខណ្ឌ លើកលែងតែគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរតែប៉ុណ្ណោះ ដែលមិនបានបំពេញទៅតាមនីតិវិធីច្បាប់ ស្តីពីការចុះបញ្ជីគណបក្សនយោបាយ៕អត្ថបទ៖ សេក ឧត្តម



