ភ្នំពេញ៖លោក ម៉េង ហេង អតីតស្ថាបនិកនៃអង្គការមាតាធម្មជាតិចាស់ និងបច្ចុប្បន្នជាប្រធានអង្គការមាតាធម្មជាតិដែលទើបបង្កើតថ្មី និងក្រុមយុវជនសង្គមស៊ីវិល បានលាតត្រដាង អំពីគំនិតខ្មៅកខ្វក់របស់បុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ អាឡិច (Alejandro Gonzalez Davidson) ដែលបានបង្កើតអង្គការចាត់តាំងខុសច្បាប់ប្រើឈ្មោះ «មាតាធម្មជាតិ» ប្រមូលផ្ដុំយុវជន ធ្វើសកម្មភាព ក្រោមរូបភាពនយោបាយប្រឆាំងរាជរដ្ឋាភិបាល។
យោងតាមសេចក្តីថ្លងការណ៍របស់លោក ម៉េង ហេង ប្រធានអង្គការមាតាធម្មជាតិដែលទើបង្កើតថ្មី បានយល់ឃើញថា ក្រុមសកម្មជន បរិស្ថានយុវជន និងអង្គការសង្គមស៊ីវិលមួយចំនួនដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បុគ្គលឈ្មោះ អាឡិច គឺតែងតែធ្វើការរិះគន់ និងរារាំងដល់គម្រោងអភិវឌ្ឍន៍នានាក្នុងពេលកន្លងមក គឺមានចេតនាធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ជាជាងការចូលរួមអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិពិតប្រាកដ ដូចជាករណីថ្មីៗនេះ មានយុវជនមួយចំនួនបានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថានក្នុងគោលបំណង ស្នើបញ្ឈប់កាត់ដីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ (គិរីរម្យ) ដែលមានទីតាំងស្ថិតឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺជាដើម។
អង្គការមាតាធម្មជាតិបានសង្កេតឃើញថា ឧទ្យានជាតិគិរីរម្យ ដែលជាតំបន់អភិរក្សកំណត់ដោយព្រះរាជក្រឹត្យ មានផ្ទៃដីជាង ៣ ម៉ឺន ៥ពាន់ ហិកតារ ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យ កាត់ផ្ទៀល ដីឧទ្យាជាតិគិរីរម្យតែជាង ២០០ ហិកតាជួលទៅឲ្យក្រុមហ៊ុន វ៉នម៉រ (One More) ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងបង្កើតការងារជូនប្រជាពលរដ្ឋដោយមិនធ្វើឲ្យប៉ះពាល់បរិស្ថាននោះទេ។
អង្គការមាតាធម្មជាតិ និងក្រុមយុវជនសង្គមស៊ីវិលបានសម្តែងនូវការសោកស្តាយចំពោះសកម្មភាពរបស់ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិល មួយចំនួនដែលពុំបានសិក្សាឲ្យបានច្បាស់អំពីការអភិវឌ្ឍនានា និងតែងត រារាំង ប្រឆាំងនិងគម្រោងអភិវឌ្ឍន៍ ដែលបានធ្វើឲ្យខាតបង់នូវផលប្រយោន៍ជាតិ។
ក្រសួងបរិស្ថានបានកត់ សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ អាឡិច មិនមាន លក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងបញ្ជាក់ថា រាល់សកម្មភាពដែលបក្ខពួក និងក្រុមនេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណីក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល។ ដូច្នេះ អ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕អត្ថបទ៖វ៉ន ដារ៉ា