ភ្នំពេញ៖ ប្រជាពលរដ្ឋមានពិការភាព បានបង្ហាញនូវចំណាប់អារម្មណ៍ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាវេទិកាបង្ហាញឱ្យពិភពលោកមើលឃើញពីសមត្ថភាពរបស់ជនមានពិការភាព ដែលអាចធ្វើអ្វីបានដូច មនុស្ស ដែលមានកាយសម្បទាគ្រប់គ្រាន់ដែរ ។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងឈានចូលមកដល់ក្នុងរយៈពេល៩ថ្ងៃទៀត ដែលសម្រាប់ អ្នកគាំទ្រកីឡានេះ បានបង្ហាញនូវមោទកភាពចំពោះជនមានពិការភាព ដែលមានសមត្ថភាពចូលរួមប្រកួត និងចង់បង្ហាញថា ពិការភាព មិនមែនជាឧបសគ្គរារាំងពួកគេ មិនឱ្យធ្វើអ្វីបាននោះទេ ។
ក្រុមអ្នកគាំទ្រ បានសម្ដែងមោទកភាពចំពោះភាពអាស្ចារ្យ ដែលអត្តពលិកមានពិការភាពអាចធ្វើបាន ។
ក្រុមពលរដ្ឋ ដែលមានពិការភាព និងជាអ្នកគាំទ្រផងនោះ បានបញ្ជាក់ថា ពួកគេនឹងចូលរួមគាំទ្រ លើកទឹកចិត្តក្រុមកីឡាករមានពិការភាពជានិច្ច និងរំពឹងថា កីឡាករ កីឡាការនីមានពិការភាពរបស់កម្ពុជា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនខ្លួនឯង ជូនក្រុម ក៏ដូចជា ជូនជាតិមាតុភូមិផងដែរ ។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមនៅថ្ងៃ ទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ៖ លីហេង