ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ នៅតាមដំណាក់កាលនីមួយៗ លើភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលគ្រោង នឹងសម្រេច បាននៅឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងការបើកវគ្គសិក្ខាសាលា ប្រព័ន្ធគ្រប់ គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាត នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣ នេះថា ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុនៅកម្ពុជា រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ជាពិសេសសម្រេចជោគជ័យជាសារវ័ន្តនូវដំណាក់កាលទី១ គឺ "ភាពជឿទុកចិត្តនៃ ថវិកា", ដំណាក់កាលទី២ "គណនេយ្យភាពហិរញ្ញវត្ថុ" និងដំណាក់កាលទី៣ "ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ" ព្រមទាំងឈានចូល ដល់ការអនុវត្តដំណាក់កាលទី៤ "គណនេយ្យភាពសមិទ្ធកម្ម" ដែលគ្រោងនឹងសម្រេចបាននៅឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត ជូ គឹមឡេង បញ្ជាក់ថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលនៅដំណាក់ទី១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗ នៃការអនុវត្តផែនការសកម្មភាពយុទ្ធសាស្ត្រ ការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥ ដំណាក់កាលទី២ (២០២២-២០២៥) រួមមាន៖ បន្តពង្រឹងការរៀបចំថវិកាកម្មវិធីនៅរដ្ឋបាលរាជធានី-ខេត្ត និងការពង្រីកការអនុវត្ត ថវិកាកម្មវិធីទៅដល់រដ្ឋបាលខណ្ឌទាំង ១៤ ដើម្បីធានាបាននូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ។
បន្តពង្រឹងការរៀបចំផែនការយុទ្ធ សាស្ត្រថវិការាជធានី-ខេត្ត តាមរយៈការជម្រុញការតម្រឹមផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយមន្ទីររាជធានី-ខេត្ត និងធ្វើសមាហរណកម្ម ផែនការរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់ជាជំហាន ៗ ។
ពង្រឹងប្រព័ន្ធរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងក្របខណ្ឌត្រួតពិនិត្យការអនុវត្ត ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្តជំរុញនិងពង្រីកការធ្វើស្វ័យប្រវត្តិកម្ម នៃការអនុវត្តថវិកាតាមបច្ចេកវិទ្យាព័ត៌មាន សម្រាប់រដ្ឋបាលថ្នាក់ ក្រោមជាតិ។
រៀបចំច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ២០១១ (ថ្មី) និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ, និងរៀបចំក្របខណ្ឌទស្សនាទានយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (២០២៦-២០៣០) ដើម្បី ដាក់ចេញនូវទិសដៅ និងយន្តការ សម្រាប់ត្រៀមអនុវត្តថវិកាសមិទ្ធកម្មជាដើម៕
អត្ថបទ៖ សុន រ៉ាឌី