ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា មកដល់ពេលនេះ មានអ្នកផ្ទុកមេរោគអេដស៍ មកទទួលសេវាថែទាំជំងឺអេដស៍ ចំនួន៦៤,៩៣១នាក់។
ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៥ ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមប្រឹក្សាបច្ចេកទេស និងសមាជិក សមាជិកា ក្រុមប្រឹក្សាបច្ចេកទេស ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត តាមរយៈកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ, នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានថ្លែងថា កិច្ចប្រជុំនេះបានផ្តោតលើ វឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ ឆ្លើយតបនឹងសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពេញអង្គនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២២ និងទិសដៅបន្ត។
ជាលទ្ធផលនៃកិច្ចប្រជុំ បង្ហាញឱ្យឃើញថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងដៃគូពាក់ព័ន្ធ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា បានសម្រេចនូវគោលដៅជាតិចំនួន០២រួចហើយ ក្នុងចំណោមគោលដៅជាតិទាំងបី (៩៥-៩៥-៩៥ ក្នុងឆ្នាំ២០២៥) ដោយសម្រេចបាន ៨៦% សម្រាប់គោលដៅទី១ ៩៩% និង៩៨% សម្រាប់គោលដៅទី២ និងទី៣។
សង្ខេបស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា ឆ្នាំ២០២២នេះ បានបង្ហាញថា តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្រ្ត ក្នុងឆ្នាំ២០២៣ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ៧៦,០០០នាក់ អ្នកឆ្លងថ្មីប្រមាណជា ១,៤០០នាក់ និងអ្នកស្លាប់ដោយមេរោគអេដស៍ ១,១០០នាក់។ មកដល់ពេលនេះ មានអ្នកផ្ទុកមេរោគអេដស៍ មកទទួលសេវាថែទាំជំងឺអេដស៍ ចំនួន ៦៤,៩៣១នាក់។ នៅក្នុងចំណោមអ្នកឆ្លងថ្មី មាន៨២% ជាក្រុមប្រជាជនគន្លឹះ និងដៃគូរួមភេទរបស់ពួកគេ។ អត្រាប្រេវ៉ាឡង់នៃក្រុមប្រជាជនគន្លឹះ មានកម្រិត៖ មានដូចជាស្រ្តីបម្រើការ នៅសេវាកម្សាន្តមាន ៤,៩% បុរសរួមភេទ នឹងបុរស ៤,០% ក្រុមបំប្លែងភេទ មាន៩,៦% ដែលអត្រានេះមានកម្រិតខ្ពស់ បើធៀប នឹងអត្រាប្រេវ៉ាឡង់ នៃប្រជាជនដែលមានតែ០,៦% ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំ ក៏បានពិនិត្យនូវសមិទ្ធផល កន្លងមក ធៀបនឹងសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២២ ជាលទ្ធផល៖ សម្រេចបង្កើតបាននូវក្រុមការងារអន្តរក្រសួង និងក្រុមការងារស្នូលតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ បានរៀបចំសេចក្តីព្រាងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពនៃកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨
និងការជំរុញលើកទឹកចិត្តគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី-ខេត្ត រៀបចំផែនការថវិកាឆ្លើយតបអេដស៍ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគ្រោង និងអនុវត្តថវិកា សម្រាប់រាជធានី- ខេត្ត ទាំង២៥ និងក្រសួង ស្ថាប័ននានា លើផែនការសកម្មភាពឆ្លើយតបមេរោគអេដស៍។ ការជំរុញការផ្តល់សេវាបង្ការ ថែទាំ ក៏ដូចជាកាត់បន្ថយការចម្លងមេរោគអេដស៍ពីមាតា ទៅទារក រាជរដ្ឋាភិបាលបានចេញនូវអនុក្រិត្យ ស្តីពីវិធានការក្នុងការបង្ការនិងគ្រប់គ្រងការចម្លងមេរោគអេដស៍ លេខ ២៨០ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ ពង្រីកវិសាលភាពការគាំពារសង្គម និងលើកកម្ពស់ការទទួលបានសេវាសុខភាពសង្គម រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្តល់កិច្ចគាំពារសង្គមដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តមនុស្សពេញវ័យ។ ដើម្បីសម្រេចបាននូវគោលដៅជាតិទាំងបី រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើនថវិការបស់ខ្លួនក្នុងឆ្លើយតបនឹងមេរោគអេដស៍ជាបន្តបន្ទាប់ ដែលក្នុងនោះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបង្កើនរហូតដល់ ៧៩% សម្រាប់ឱសថប្រឆាំងមេរោគអេដស៍៕អត្ថបទ រដ្ឋា





