ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា និងសណ្ឋាគារ តារា របស់ OCIC បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបង្កើនភាពជាដៃគូសហការណ៍ទៅលើគំនិតផ្តួចផ្តើមថ្មី ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ដល់បុគ្គលិក និងភាគីពាក់ព័ន្ធ ក្នុងការរឹតចំណងមេត្រីភាព រវាងក្រុមហ៊ុនទាំងពីរ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានប្រារព្ធធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររបស់សណ្ឋាគារ តារា ដឹកនាំដោយលោក Weng Aow នាយកគ្រប់គ្រង ព្រមទាំងគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ កាណាឌីយ៉ា ដឹកនាំដោយនាយកប្រតិបត្តិធនាគារកាណាឌីយ៉ា លោក Raymond Sia ព្រមទាំងក្រុមការងារ។ ថ្លែងក្នុងពិធីខាងលើ ធនាគារ កាណាឌីយ៉ា ព្រមព្រៀងក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុជាច្រើនដល់ សណ្ឋាគារ តារា រួមមានសេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដំណោះស្រាយទូទាត់ពាណិជ្ជករ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។ ជាមួយគ្នានេះដែរ សណ្ឋាគារ តារា ក៏នឹងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស និងប្រូម៉ូសិនដល់បុគ្គលិក និងអតិថិជនរបស់ធនាគារ កាណាឌីយ៉ា រួមទាំងលើការកក់បន្ទប់ និងសេវាកម្មផ្សេងៗដែលមានក្នុងសណ្ឋាគារ។
នៅក្នុងពិធីនេះ លោក Weng Aow បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ យើងបានផ្តោតទៅលើការវិនិយោគលើការងារសំខាន់ៗនៅគ្រប់សាខាសណ្ឋាគារទូទាំងប្រទេសកម្ពុជា ដូចជាការធ្វើឱ្យបន្ទប់ស្នាក់នៅ បន្ទប់ប្រជុំ កាន់តែទំនើប និងការបង្កើនជម្រើសម្ហូបអាហារ។ យើងជឿជាក់ថា ការកែប្រែទាំងនោះ នឹងធ្វើឲ្យបទពិសោធន៍ស្នាក់នៅរបស់ភ្ញៀវកាន់តែប្រសើរ និងដៃគូសហការរបស់យើងកាន់តែមានទំនុកចិត្ត។ លោកបន្ថែមថា “យើងមានសេចក្តីរំភើបរីករាយក្នុងការកសាងភាពជាដៃគូដែលមានស្រាប់ ជាមួយធនាគារកាណាឌីយ៉ា និងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មី ដែលនឹងអាចផ្តល់នូវការផ្លាស់ប្តូរបទពិសោធន៏ថ្មីៗជូនដល់ អតិថិជនរបស់យើង។ តាមរយៈការសហការនេះ យើងនឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិក និងអតិថិជន ទន្ទឹមនឹងការទទួលបាននូវសេវាហិរញ្ញវត្ថុដើម្បីបន្តពង្រីកអាជីវកម្មរបស់យើង"។
ជាមួយគ្នានេះ លោក Raymond Sia មានប្រសាសន៍ថា ធនាគារតែងតែប្តេជ្ញាចិត្តក្នុងការជំរុញនូវទំនាក់ទំនងដ៏រឹងមាំជាមួយក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ដើម្បីផ្តល់សេវាកម្មល្អបំផុតដល់អតិថិជនរបស់។ ធនាគារកាណាឌីយ៉ា មានបុគ្គលិកជាង ៤ ០០០នាក់ សរុប ៦៨សាខាទូទាំងប្រទេសកម្ពុជា។ អត្រាពិសេស និងផ្តាច់មុខដែលសណ្ឋាគារ តារា គឺជាការផ្តល់ជូនដល់បុគ្គលិកធនាគាររបស់យើង ក្នុងការបន្ថែមចំពោះអត្ថប្រយោជន៍របស់បុគ្គលិក។ លោកបានបន្តថា កាណាឌីយ៉ា បង្កើតឡើងក្នុងឆ្នាំ១៩៩១ គឺជាធនាគារពាណិជ្ជមួយដែលឈានមុខគេនៅកម្ពុជា ។ ដោយមានវត្តមានជាង ៣២ឆ្នាំក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។
លោក Raymond Sia បានឲ្យដឹងទៀតថា ធនាគារកាណាឌីយ៉ា ក៏មានកិត្តិយសក្នុងការផ្តល់ជូនសណ្ឋាគារ តារា នូវសេវាកម្មដំណោះស្រាយក្នុងការទូទាត់ផ្តាច់មុខ ជាមួយនឹង KHQR ឧបករណ៍ POS និងកម្មវិធីរបស់ធនាគារកាណាឌីយ៉ា អតិថិជនអាចបង់ប្រាក់យ៉ាងងាយស្រួលនៅសណ្ឋាគារ សេវាផ្គត់ផ្គង់អាហារនិងភេសជ្ជៈ សេវាកម្មក្នុងការរស់នៅ។
តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរំពឹងថា ផ្តល់នូវផលវិជ្ជមានដល់ក្រុមហ៊ុនទាំងពីរ ក៏ដូចជាអតិថិជនរបស់ពួកគេផងដែរ។ នេះក៏ជាការបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃភាពជាដៃគូ និងការសហការដែលកំពុងកើនឡើងនៅក្នុងទិដ្ឋភាពអាជីវកម្មនាពេលបច្ចុប្បន្ននេះ៕





