អង្គការសហប្រជាជាតិ ឬ UN កាលពីថ្ងៃពុធ (ទី២៤ ខែឧសភា) បានអំពាវនាវឲ្យសហភាពមីយ៉ាន់ម៉ា បើកចំហរ និងធានាថា ជំនួយសង្គ្រោះជីវិត អាចទៅដល់ផ្នែកខ្លះនៃប្រទេសដែលរងគ្រោះ ដោយសារព្យុះស៊ីក្លូន Mocha។

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានជំរុញឲ្យមេដឹកនាំរបបយោធារបស់ប្រទេសនេះ អនុញ្ញាតឲ្យមានការវាយតម្លៃលើតម្រូវការបន្តដំណើរទៅមុខ នៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ងើបឡើងវិញយ៉ាងលំបាកពីផលប៉ះពាល់របស់ព្យុះស៊ីក្លូន។
ព្យុះស៊ីក្លូន Mocha បាននាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់ក្នុងល្បឿន ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង មកកាន់សហភាពមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែសដែលនៅជិតខាង កាលពីថ្ងៃទី១៤ ខែឧសភា ដោយបានធ្វើឲ្យអគារនានារដួលរលំ និងប្រែក្លាយផ្លូវថ្នល់ជាច្រើនឲ្យទៅជាទន្លេ។
លោក Turk បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវថា៖ «ការខូចខាត និងការបាត់បង់អាយុជីវិត ទាំងដែលអាចដឹងជាមុន និងអាចជៀសបាន ហើយត្រូវបានផ្សារភ្ជាប់យ៉ាងច្បាស់ទៅនឹងការមិនខ្វល់ខ្វាយជាប្រព័ន្ធទៅលើសិទ្ធិមនុស្ស»។
លោកប្រធានសិទ្ធិមនុស្សរូបនេះ បានបន្ថែមថា៖ «ជារឿងចាំបាច់ណាស់ ដែលរបបយោធាត្រូវលុបចោលការហាមឃាត់លើការធ្វើដំណើរ អនុញ្ញាតឲ្យមានការវាយតម្លៃអំពីតម្រូវការបន្តដំណើរការទៅមុខ និងធានាឲ្យមានការចូលទៅដល់ និងការផ្តល់ជំនួយសង្គ្រោះជីវិត និងសេវាកម្មផ្សេងៗ»។
របបយោធារបស់សហភាពមីយ៉ាន់ម៉ា បានផ្តល់តួលេខនៃចំនួនអ្នកស្លាប់ ១៤៨នាក់ ដោយភាគច្រើនជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលត្រូវបានធ្វើទុក្ខបុកម្នេញ នៅរដ្ឋរ៉ាឃីន (Rakhine) ភាគខាងលិច។

កាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិ បានចាប់ផ្ដើមអំពាវនាវសុំថវិកាសង្គ្រោះបន្ទាន់ចំនួន ៣៣៣លានដុល្លារ សម្រាប់ប្រជាជន ១,៦លាននាក់ ដែលខ្លួនបាននិយាយថា រងផលប៉ះពាល់ដោយព្យុះស៊ីក្លូន Mocha នៅសហភាពមីយ៉ាន់ម៉ា៕