
បណ្តាប្រទេសមកពីជុំវិញពិភពលោក បានជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិដើម្បីសន្យាថវិកា២,៤ ពាន់លានដុល្លារក្នុងជំនួយមនុស្សធម៌សម្រាប់តំបន់ញកអាហ្វ្រិកកាលពីថ្ងៃពុធទី២៤ ខែឧសភា។
កិច្ចប្រជុំនេះ បានអំពាវនាវឲ្យមានការដោះស្រាយការគំរាមកំហែងមកលើពលរដ្ឋ៤៣លាននាក់ក្នុងប្រទេសអេត្យូពី កេនយ៉ា និងប្រទេសសូម៉ាលី ដែលបានឃើញអ្នកតំណាងមកពីបណ្តាប្រទេសនានាដូចជាប្រទេសអាល្លឺម៉ង់ ស៊ុយអែត និងប្រទេសកាណាដា ដែលនឹងបង្កើនការផ្តល់ជំនួយពីគោលដៅដំបូងរបស់ពួកគេ។
យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា វិបត្តិនានាបានកើតឡើងដោយសារភាពរាំងស្ងួត ការជម្លៀសខ្លួន និងអសន្តិសុខស្បៀង ដែលត្រូវការយ៉ាងហោចណាស់ ៧ពាន់លានដុល្លារសម្រាប់តំបន់ញកអាហ្វ្រិក។
ប្រទេសអ៊ីតាលី កាតា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានកោះហៅអ្នកតំណាងអន្តរជាតិសម្រាប់ព្រឹត្តិការណ៍ផ្តល់ការសន្យា ក្នុងកិច្ចសហការជាមួយប្រទេសរងផលប៉ះពាល់ទាំងបីនេះ។