
លោក Kajsa Ollongren រដ្ឋមន្ត្រីការពារជាតិ ហូឡង់ បាននិយាយកាលពីថ្ងៃពុធនៅក្នុងលិខិតមួយច្បាប់ទៅកាន់សភាថា ប្រទេសហូឡង់ មានបំណងផ្តល់ការបណ្តុះបណ្តាល ដល់អាកាសយានិកអ៊ុយក្រែនឲ្យចេះបើកយន្តហោះចម្បាំង F-16 ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ លោក Ollongren និយាយថា ការហ្វឹកហាត់នឹងត្រូវបានសម្របសម្រួលជាមួយប្រទេសប៊ែលហ្ស៊ិក ដាណឺម៉ាក់ ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀត ដែលអាចចូលរួម។
កាលពីថ្ងៃអង្គារប្រមុខណាតូ លោក Jens Stoltenberg បាននិយាយថា ការបណ្តុះបណ្តាលដល់អាកាសយានិកអ៊ុយក្រែនប្រើយន្តហោះប្រយុទ្ធ F-16 របស់ប្រទេសលោកខាងលិច នឹងពុំធ្វើឲ្យភាគីណាមួយរបស់ណាតូក្លាយជាភាគីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ។ ប្រទេសន័រវ៉ែស បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងគាំទ្រកិច្ចប្រឹងប្រែង ដើម្បីបង្រៀនអាកាសយានិកអ៊ុយក្រែនដើម្បីប្រើប្រាស់យន្តហោះប្រយុទ្ធ F-16។ ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា កាលពីមួយថ្ងៃមុននោះ អ្នកការទូតជាន់ខ្ពស់រុស្ស៊ី បាននិយាយថា ការផ្ទេរយន្តហោះប្រយុទ្ធ F-16 ដល់អ៊ុយក្រែននឹងបង្កើនបញ្ហារលើតួនាទីរបស់ណាតូនៅក្នុងជម្លោះ ហើយកាលពីពីថ្ងៃពុធ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា យន្តហោះប្រដេញF-16 ផលិតដោយសហរដ្ឋអាមេរិកណាមួយ ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន នឹងជាគោលដៅស្របច្បាប់សម្រាប់ទីក្រុងមូស្គូ។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលសម្រាប់អាកាសយានិកអ៊ុយក្រែនលើយន្តហោះ F-16 ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានធានាដល់លោក Biden ថា យន្តហោះទាំងនេះ នឹងមិនត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារគោលដៅ នៅខាងក្នុងទឹកដីរបស់រុស្ស៊ីនោះទេ។ប្រទេសលោកខាងលិចនិយាយថា ខ្លួនមានបំណងជួយអ៊ុយក្រែនវាយឲ្យរុស្ស៊ីបរាជ័យ ប៉ុន្តែបានទទូចដដែលៗថា ខ្លួនមិនចង់បង្កការប្រឈមដាក់គ្នាដោយផ្ទាល់រវាង សម្ព័ន្ធយោធាណាតូ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ជាមួយរុស្ស៊ីនោះទេ។
