
អ្នកស្រុកនៅប្រទេសស៊ូដង់ បាននិយាយ កាលពីថ្ងៃពុធ (ទី២៤ ខែឧសភា) ថា សំឡេងនៃការប្រយុទ្ធគ្នា រវាងក្រុមយោធាដែលជាគូបដិបក្ស អាចត្រូវបានឮពេញមួយយប់ ក្នុងផ្នែកខ្លះនៃរដ្ឋធានីនៃប្រទេសមួយនេះ បើទោះបីជាមានបទឈប់បាញ់រយៈពេលមួយសប្តាហ៍ ដែលត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឲ្យមានការផ្តល់ជំនួយ និងរៀបចំឲ្យមានបទឈប់បាញ់រយៈពេលយូរបន្ថែមទៀតក៏ដោយ។
នៅទីក្រុងហ្សឺណែវ ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬ UN លោក Volker Turk បានពណ៌នាអំពីស្ថានភាពនេះថា ជារឿង«ដែលគួរឲ្យបារម្ភខ្លាំង» ដោយលោកបាននិយាយថា៖ «ជនស៊ីវិលត្រូវតែទទួលបានការរស់រានមានជីវិត ហើយអ្នកត្រូវតែបញ្ឈប់អំពើហិង្សាដែលគ្មានន័យខ្លឹមសារ ឥឡូវនេះ»។
លោក Turk បានបន្តថា៖ «ទោះបីជាមានបទឈប់បាញ់ជាបន្តបន្ទាប់ ហើយពួកគេបន្តការរៀបចំកិច្ចព្រមព្រៀងថែមទៀតក៏ដោយ ក៏យើងឃើញថា បទឈប់បាញ់ទាំងនោះគោរពតែពាក្យសម្តីត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានចុះហត្ថលេខា។ យើងឃើញពីរបៀប ដែលជនស៊ីវិល បន្តប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីការស្លាប់ និងមានរបួស។ ខ្ញុំចង់មានន័យថា ពេញមួយយប់ យើងបានទទួលរបាយការណ៍អំពីយន្តហោះចម្បាំងហោះកាត់ទីក្រុងខាទូម (Khartoum ) និងការប៉ះទង្គិចគ្នានៅក្នុងតំបន់មួយចំនួននៃទីក្រុង ក៏ដូចជាការបាញ់ប្រហារ ដែលបានឮនៅក្រុងខាទូមខាងជើង និងទីក្រុង Omdurman»។
ជាមួយគ្នានេះ លោកស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ ក៏បានលើកឡើងផងដែរពាក់ព័ន្ធនឹងកង្វល់ដ៏ធំចំពោះរបាយការណ៍ពីអំពើហិង្សាផ្លូវភេទ នៅក្នុងទីក្រុងខាទូម (Khartoum) និងដាហ្វួរ (Darfur) ដោយលោកបានអំពាវនាវដល់ប្រមុខកងទ័ពលោកឧត្តមសេនីយ៍ Abdul Fattah al-Burhan និងលោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo មេដឹកនាំកងកម្លាំងប្រដាប់អាវុធគាំទ្ររហ័សយោធាប៉ារ៉ាឲ្យចេញសេចក្តីបង្គាប់ណែនាំយ៉ាងច្បាស់លាស់ដល់អ្នក ដែលស្ថិតនៅក្រោមបញ្ជារបស់ពួកគេថាគ្មានការអត់ឱន ចំពោះអំពើហិង្សាផ្លូវភេទជាដាច់ខាត ហើយជនល្មើសនៃការរំលោភបំពានទាំងអស់ ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
កិច្ចព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពីមានកិច្ចចរចា ដែលសម្របសម្រួលដោយប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក កើតឡើង ក្រោយមានសង្គ្រាមដ៏តានតឹងរយៈពេលប្រាំសប្តាហ៍៕