ឧត្តរមានជ័យ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញទៅកសិករនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលដាំឪឡឹក និងត្រសក់ផ្អែមត្រូវខិតខំរក្សាគុណភាពដាំណាំហូបផ្លែទាំងអស់នេះ ដើម្បីឲ្យមានទំនុបចិត្តពីអ្នកបរិភោគបន្ថែម ហើយឯកឧត្តមក៏បានសន្យាបន្តជួយរកទីផ្សារជូនកសិករ ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកសិករ នៃបណ្ដុំអាជីវកម្មត្រសក់ផ្អែម នៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា កសិករត្រូវបន្តសិក្សាបន្ថែមពីបច្ចេកទេស ដើម្បីផលិតកសិផលឲ្យកាន់តែមានគុណភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង ។
ឯកឧត្តមបន្តថា ចំពោះការដាំដុះនេះ ត្រូវមានផែនការផលិតកម្មឲ្យបានច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារ មានការពិនិត្យតាមដាន វាយតម្លៃតាមជាក់ស្ដែង ដើម្បីមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ដោយមិនផលិតលើសតម្រូវការ ដែលនាំឲ្យតម្លៃធ្លាក់ចុះ ហើយធ្វើយ៉ាងណាឱ្យការចំណាយផលិតកម្មតិច លក់បានច្រើន កើនចំណូល មានចំណេញ ។
ជាមួយនេះ ឯកឧត្តម ឌិត ទីណា ទាក់ទងនឹងការងារនេះ ក្រសួងនឹងជួយធ្វើឱ្យមានទីផ្សារល្អ ជំរុញការស្រាវជ្រាវបង្កើត និងបង្កាត់ពូជត្រសក់ផ្អែមឱ្យក្លាយជាពូជក្នុងស្រុក ជារបស់ខ្មែរ ហើយមានតម្លៃពូជធូរថ្លៃ ដូច្នេះកសិករត្រូវយកចិត្តទុកដាក់ដាំដុះឱ្យបានល្អបំផុត តាមការអនុវត្តកសិកម្មល្អ (GAP) ដាក់ចិត្តដាក់កាយដាំដុះឱ្យចេញជាលទ្ធផល និងផ្សព្វផ្សាយឱ្យគេស្គាល់ផលិតផល ។
បើតាមកសិករ បានឲ្យដឹងថា បច្ចុប្បន្នត្រសក់ផ្អែម កំពុងមានទីផ្សារល្អ ដែលមានតម្លៃចាប់ពី ៣០០០រៀល ទៅ៣៥០០រៀល ដោយការប្រកបរបរដាំដំណាំនេះ ធ្វើឲ្យពួកគាត់ក៏មានជីវភាពគ្រាន់បើ ហើយក៏មានការគាំទ្រ និងជួយជ្រោមជ្រែងបច្ចេកទេសដាំដុះ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងអង្គការផ្សេងផងដែរ ។
គួរបញ្ជាក់ថា ត្រសក់ផ្អែម និងងឪឡឹក ដែលដាំនៅស្រុកអន្លង់វែង កំពុងមានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ហើយកសិករនៅតំបន់នោះ ក៏បានបង្កើនការដាំដុះពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យពលរដ្ឋពុំសូវធ្វើចំណាក់ស្រុក ទៅរកការងារធ្វើក្នុងទីកន្លែងផ្សេងៗ ៕
អត្ថបទ បាន សុខរិទ្ធិ










