អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងលោក Kevin McCarthy សមាជិកជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ទំនងជាខិតជិតទៅរកកិច្ចព្រមព្រៀងមួយដើម្បីកាត់ការចំណាយ និងបង្កើនអតិបរមាបំណុលលើចំនួន៣១,៤សែនកោដិដុល្លាររបស់រដ្ឋាភិបាល ដោយមានពេលវេលាតិចតួចនៅសេសសល់ដើម្បីបង្វែរហានីភ័យពីការខកខានសងបំណុល។ យោងតាមមនុស្សម្នាក់ដែលដឹងច្បាស់ពីកិច្ចពិភាក្សានេះបានឲ្យដឹងថា កិច្ចព្រមព្រៀង នឹងបញ្ជាក់ច្បាស់ពីចំនួនសរុបដែលរដ្ឋាភិបាលអាចចំណាយលើកម្មវិធីសម្រេចចិត្តដូចជាការសាងសង់លំនៅឋាន និងការសិក្សាអប់រំ ប៉ុន្តែពុំធ្វើឲ្យបរាជ័យដល់ក្រុមបុគ្គលនោះទេ។

ក្រសួងរតនាគារ បានព្រមានថា រដ្ឋាភិបាលសហព័ន្ធ អាចអស់ទឹកប្រាក់ឆាប់ៗនេះដើម្បីធានាលើកាតព្វកិច្ចចំណាយផ្សេងៗរបស់ខ្លួនទាំងអស់នៅមុនថ្ងៃទី១ ខែមិថុនា នៅមួយសប្តាហ៍ទៀតប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាល បានប្រកាសផែនការដើម្បីលក់បំណុលតម្លៃ១១៩ពាន់លានដុល្លារដែលនឹងដោះស្រាយនៅថ្ងៃទី១ ខែមិថុនា។ កិច្ចព្រមព្រៀងណាមួយក៏ដោយនឹងត្រូវឆ្លងកាត់សភាតំណាងរាស្ត្រដែលគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋ និងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។ បញ្ហានេះអាចជាការពិបាកខណៈគណបក្សសាធារណៈរដ្ឋស្តាំនិយម និងគណបក្សប្រជាធិបតេយ្យសេរីមួយចំនួន បាននិយាយថា ពួកគេមិនសប្បាយចិត្តដោយការរំពឹងទុកនៃការសម្របសម្រួល។ ប្រធានសភា លោក McCarthy និយាយកាលពីថ្ងៃមុនថា ភាគីទាំងពីកំពុងធ្វើឲ្យមានភាពរីកចម្រើន។ លោក McCarthy បានប្រ់ក្រុមអ្នករាយការណ៍ព័ត៌មានថា យើងកំពុងធ្វើការយ៉ាងល្អ រហូតដល់ពាក់កណ្តាលអាធ្រាតកាលពីយប់មិញ។ ការិយាល័យរបស់លោក ពុំបានឆ្លើយតបទៅនឹងសំណើសម្រាប់សុំការអត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងដែលកើតមានជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យនោះទេ៕
