ឥណ្ឌា៖ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងជាង ៤ពាន់នាក់ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា។ ការហក់ឡើងនៃករណីឆ្លងនេះកំពុងដាក់បន្ទុកកាន់តែធ្ងន់បន្ថែមទៀត លើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះ។ រដ្ឋាភិបាលឥណ្ឌាបានរាយការណ៍អ្នកស្លាប់ចំនួន ៤,០៩២នាក់កាលពីថ្ងៃអាទិត្យ។ ចំនួនឆ្លងថ្មីប្រចាំថ្ងៃបានកើនឡើងដល់ជាង ៤សែននាក់រយៈពេល ៤ថ្ងៃជាប់គ្នា។

អ្នកជំងឺជាច្រើនបានស្លាប់ជាបន្តបន្ទាប់ ខណៈអុកស៊ីសែន និងគ្រែមន្ទីរពេទ្យជិតអស់។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់និយាយថា ស្ថានភាពទាក់ទងនឹងការផ្គត់ផ្គង់អុកស៊ីសែន កំពុងមានភាពប្រសើរឡើង។ ពួកគេនិយាយថា រោងចក្រផលិតអុកស៊ីសែនដែលបញ្ជូនដោយសហគមន៍អន្តរជាតិ កំពុងត្រូវបានដំឡើងនៅតាមមន្ទីរពេទ្យនានា។ ប៉ុន្តែបរិមាណអុកស៊ីសែនដែលត្រូវបានផ្គត់ផ្គង់នៅក្នុងទីក្រុងញូវដេលី គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានបន្ថែមត្រឹមតែ ៦០% ប៉ុណ្ណោះនៃតម្រូវការជាក់ស្ដែង។
មន្ត្រីរដ្ឋាភិបាលកំពុងប្រឹងប្រែងដើម្បីពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ដោយចែកចាយការផ្គត់ផ្គង់ដែលបានមកពីបរទេសទៅកាន់គ្រប់រដ្ឋទាំងអស់។ គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺ COVID-19 សរុប ២២,៦៦២,៤១០នាក់ និងស្លាប់ ២៤៦,១៤៦នាក់៕
អត្ថបទ៖ សុខមាន