អាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានថា ប្រទេសចិនអាចធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយក្នុងនោះរួមទាំងបំពង់បង្ហូរប្រេង និងឧស្ម័ន និងប្រព័ន្ធផ្លូវដែក បន្ទាប់ពីអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមលួចព័ត៌មានទិន្នន័យរបស់ចិន បាននិងកំពុងធ្វើចារកម្មលើបណ្តាញបែបនេះ។
ការដាស់តឿនពីច្រើនប្រទេសដែលបានចេញផ្សាយ កាលពីថ្ងៃពុធ បានបង្ហាញថា យុទ្ធនាការចារកម្មតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ិនធឺណិតរបស់ប្រទេសចិន បានផ្តោតទៅលើគោលដៅយោធា និងរដ្ឋាភិបាល នៅសហរដ្ឋអាមេរិក។
រដ្ឋាភិបាលចិនបានច្រានចោលការអះអាងដែលថា ចារកម្មរបស់ខ្លួនកំពុងផ្តោតលើគោលដៅលោកខាងលិច ដោយហៅការព្រមានដែលចេញដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថាជា «យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរួមគ្នា»។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននៅតែដំណើរការ ក្នុងការដោះស្រាយជុំវិញការគំរាមកំហែងនេះ។ លោក Rob Joyce នាយកសន្តិសុខប្រព័ន្ធបច្ចេកវិទ្យាអ៊ិនធឺណិតរបស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងមានទីតាំងយ៉ាងហោចណាស់មួយដែលយើងមិនធ្លាប់បានដឹង ចាប់តាំងពីគោលការណ៍ណែនាំតាមប្រមាញ់ ត្រូវបានបញ្ចេញមកជាមួយនឹងទិន្នន័យ និងព័ត៌មាន»។ ទីភ្នាក់ងារនេះបានបង្ហាញព័ត៌មានលម្អិតផ្នែកបច្ចេកទេស នៅមុននេះ ដើម្បីជួយអ្នកផ្តល់សេវាសំខាន់ៗឲ្យតាមរាវរកការឈ្លបយកការណ៍នោះ។
ទីភ្នាក់ងារសន្តិសុខប្រព័ន្ធបច្ចេកវិទ្យាអ៊ិនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក (CISA) បាននិយាយដាច់ដោយឡែកថា ខ្លួនកំពុងធ្វើការ ដើម្បីដឹងពី «ទំហំនៃការលួចទិន្នន័យដែលអាចកើតមាន និងផលប៉ះពាល់ដែលពាក់ព័ន្ធ»៕
