បាល់ទាត់៖ បន្ទាប់ពីផ្អាកការប្រកួតមួយរយៈ អំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានកំណត់កាលបរិច្ឆេទដំណើរការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ ឡើងវិញហើយដែលនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៥ ខែឧសភាចុងសប្ដាហ៍នេះ អមជាមួយគោលការណ៍ណែនាំ ៨ចំណុចដើម្បីធានាសុវត្ថិភាពកីឡាករ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ចំពោះកម្មវិធីប្រកួតក្រោយការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជាសម្រាប់ ១១ប្រកួតដំបូង សុទ្ធតែជាការប្រកួតបង្គ្រប់សប្ដាហ៍ទី២ សប្ដាហ៍ទី៣ និងសប្ដាហ៍ទី៤ មុនលីគបន្ដសម្រាកការប្រកួតជាថ្មីរយៈពេលជាង ១ខែ ឬស្មើនឹង ៥សប្ដាហ៍អំឡុងខែមិថុនាដោយសារក្រុមជម្រើសជាតិកម្ពុជាត្រូវបំពេញបេសកកម្ម ប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២០ ចំនួន ៣ប្រកួតចុងក្រោយនៅប៉ារ៉ែន ខណៈក្លិបតំណាងកម្ពុជាចំនួន ២ គឺវិសាខា និងបឹងកេត ត្រូវប្រកួតពានរង្វាន់កម្រិតទី២ ទ្វីបអាស៊ី AFC Cup 2021។ សម្រាប់គោលការណ៍ណែនាំ ៨ចំណុចជុំវិញការចាប់ផ្ដើមការប្រកួតឡើងវិញ អំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាងខ្លាំងនេះ មានដូចជា៖
ទី១- មិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន និងបរិវេណការប្រកួតរហូតដល់មានការជូនដំណឹងថ្មី។ ២- ទីលាន និងកីឡដ្ឋានដែលមានភូមិសាស្ដ្រនៅក្នុងតំបន់ក្រហម ដែលមានកម្រិតហានិភ័យខ្ពស់ មិនអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ធ្វើការហ្វឹកហាត់ និងរៀបចំការប្រកួតនោះទេ។ ៣- ត្រូវតែអនុវត្តជានិច្ច និងខ្ជាប់ខ្ជួននូវិធាន “៣ការពារ និង ៣កុំ” វិធានអនាម័យ វិធានសុខាភិបាល និងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។ ៤-ក្លិបទាំងអស់ត្រូវតែប្រើប្រាស់មធ្យោបាយដឹកជញ្ជូនកីឡាករ និងមន្ដ្រីរបស់ខ្លួនក្នុងតំបន់ «លឿងទុំ» និង «លឿង» ដើម្បីធ្វើដំណើររួមគ្នារបស់ក្លិបដែលបានកំណត់ និងមានភ្ជាប់លិខិតបញ្ជាក់ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ទៅកន្លែងហ្វឹកហាត់ ឬចូលរួមប្រកួត ក្រោយបញ្ចប់ការហ្វឹកហាត់ ឬប្រកួត។ ក្លិបត្រូវតែដឹកជញ្ជូនពួកគាត់ត្រឡប់ទៅវិញដល់គេហដ្ឋាន ឬកន្លែងស្នាក់នៅ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរតាមមធ្យោបាយរៀងៗខ្លួន ឬទៅកាន់ទីណាផ្សេងនោះទេ។ បុគ្គល និងក្លិបដែលមិនគោរព និងអនុវត្តតាមការណែនាំរបស់ CNCC នឹងត្រូវទទួលខុសត្រូវដោយប្រឈម នឹងការផាកពិនយតាមនីតិវិធីច្បាប់។
៥-ក្លិបទាំងអស់ត្រូវគ្រប់គ្រងឲ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់នូវការអនុវត្តវិធានការសុវត្ថិភាពទៅលើមន្ដ្រី និងកីឡាករគ្រប់រូបរបស់ខ្លយន ក៏ដូចជាការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ការធ្វើដំណើរជាប្រចាំរបស់ពួកគេ ដោយមិនត្រូវអនុញ្ញាតឲ្យពួកគេធ្វើដំនើរទៅទីកន្លែងនានា ចៀសវាងនូវហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។ រាល់សកម្មភាព និងការធ្វើដំណើររបស់មន្ដ្រី និងកីឡាករទាំងអស់ ក្លិបត្រូវតែតម្រូវឲ្យពួកគេធ្វើការរាយការណ៍ជាប្រចាំទៅកាន់ CNCC។ ៦-ក្លិបត្រូវតាមដានជាប្រចាំនូវសុខភាពមន្ដ្រី និងកីឡាកររបស់ខ្លួនទាំងអស់ពីស្ថានភាពសុខុមាលភាពជារៀងរាល់ថ្ងៃយ៉ាងយូរ ២ថ្ងៃម្ដង ហើយធ្វើរបាយការណ៍បញ្ជូនទៅ CNCC។ ក្នុងករណីមានការសង្ស័យលើមន្ដ្រី ឬកីឡាករ ក្លិបដាច់ខាតត្រូវរាយការណ៍ជាបន្ទាន់ទៅ CNCC អាជ្ញាធរពាក់ព័ន្ធ និងក្រុមឆ្លើយតបបន្ទាន់តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយមិនគិតថ្លៃ។
៧-កម្មវិធីប្រកួតត្រូវតែបន្ដដំណើរការប្រកួតជាធម្មតា ហើយមានតែ CNCC តែប៉ុណ្ណោះដែលមានសិទ្ធក្នុងការណែនាំសម្រេចចិត្ត និងចាត់នីតិវិធីចំពោះកិច្ចការងារ ឬករណីចាំបាច់ណាមួយទាក់ទងនឹងដំណើរការកម្មវិធីប្រកួត។ ក្លិបកីឡាបាល់ទាត់ មន្ដ្រី និងកីឡាករត្រូវធ្វើការងារបន្ដចូលរួមប្រកួត និងសហការឲ្យមានប្រសិទ្ធភាពខ្ពស់ជាមួយ CNCC ដើម្បីធានាបានថា ដំណើរការកម្មវិធីប្រកួតនឹងមិនត្រូវបានលើកការប្រកួត ឬបញ្ឈប់ដោយមិនមានហេតុផលសមស្រប ឬគ្មានការណែនាំពី CNCC នោះឡើយ។ ក្នុងករណីក្លិប មន្ដ្រី ននិងកីឡាករណាមួយមិនចូលរួមអនុវត្ត ឬមិនចូលរួមការប្រកួតនេះ CNCC នឹងធ្វើរបាយការណ៍ទៅគណៈកម្មការវិន័យរបស់សហព័ន្ធ ហើយធ្វើការផាកពិន័យទៅតាមបច្ចេកទេស និងលក្ខន្ដិកៈនៃវិន័យការប្រកួតបាល់ទាត់។ ៨-ក្លិបកីឡាបាល់ទាត់ មន្ដ្រី និងកីឡាករទាំងអស់ត្រូវអនុវត្តតាមខ្លឹមសារទាំងអស់នេះ និងវិធានលម្អិតណែនាំសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា កម្មវិធីប្រកួតជើងទី១ នៃលីគកំពូលកម្ពុជាត្រូវបាន CNCC បង្ហាញជាផ្លូវការហើយ ដោយគ្រោងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា មុនបន្ដការប្រកួតសន្សំពិន្ទុំជើងទី២។ ប៉ុន្ដែចំពោះលទ្ធផលបណ្ដោះអាសន្នគិតត្រឹមសប្ដាហ៍ទី៥ ក្រុមអង្គរថាយហ្គឺរកំពុងឈរកំពូលតារាង និងមាន ១០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ និងស្មើ ១ ខណៈក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនឈរលេខ២ និងលេខ៣ មាន ៩ពិន្ទុស្មើគ្នា ក្រោយដណ្ដើមបានជ័យជម្នះ ៣ប្រកួតផ្ទួនមិនទាន់ស្គាល់ចាញ់ ឬស្មើឡើយ៕
អត្ថបទ៖ លី ឈុនឡា