ភ្នំពេញ៖ បណ្តាញសង្គមស៊ីវិល លើកឡើងថា ប្រទេសកម្ពុជាមានគណបក្សនយោបាយចំនួន ១៨ ឈរឈ្នោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាលទ្ធិប្រជាធិបតេយ្យពេញលេញ បើធៀបទៅនឹងបណ្ដាប្រទេសបិតាប្រជាធិបតេយ្យនានា នៅលើពិភពលោក។
ស្របពេលស្ថាប័នរដ្ឋ គណបក្សនយោបាយនានា ចេញសេចក្តីថ្លែងការណ៍គាំទ្រលើការបដិសេធមិនឱ្យគណបក្សនយោបាយចំនួនពីរឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ។ មានបណ្តាញសង្គមស៊ីវិល បានសម្តែងការគាំទ្រព្រមគ្នាទៅលើការអនុវត្តច្បាប់ដ៏ត្រឹមត្រូវសម្រាប់ធានាដល់ដំណើរការបោះឆ្នោតប្រកបដោយអព្យាក្រិត និងតម្លាភាព។
លោក ទុំប៉ែន វីរៈវិទូ ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា លើកឡើងថា បើទោះបីក្រោយការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមិនអនុញ្ញាតគណបក្សនយោបាយទាំងពីរនោះឈរឈ្មោះបោះឆ្នោតក្តី ប៉ុន្តែវាឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យពេញលេញរបស់កម្ពុជា បើធៀបនឹងប្រទេសមហាអំណាចដែលជាបិតាប្រជាធិបតេយ្យមានត្រឹមគណបក្សនយោបាយពីរចូលរួមប្រកួតប្រជែង។
ជាមួយគ្នានេះ លោក សាខុន ប៉ូរិន ប្រធានសហព័ន្ធនិស្សិតបញ្ញាវន្តប្រជាធិបតេយ្យកម្ពុជា ដែលតែងតាមដានការបោះឆ្នោតរៀងរាល់អាណត្តិ ចាត់ទុកចំនួន ១៨គណបក្សនយោបាយឈរឈ្មោះប្រកួតប្រជែងរកសំឡេងឆ្នោតនេះ ជាចំនួនលើសលប់ បើធៀបនឹងអាណត្តិទី៥ កាលពីឆ្នាំ២០១៣ មានចំនួនតែ៨គណបក្សនយោបាយ។
បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដាខាងមុខ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប អនុញ្ញាតឲ្យឈរឈ្មោះប្រកួតប្រជែង ដែលចំនួននេះប្រហាក់ប្រហែលនឹងចំនួនអំឡុងនីតិកាលទី៦៕អត្ថបទ៖ សេក ឧត្តម