អាមេរិក៖ នគរបាលសហរដ្ឋអាមេរិកបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស ៦នាក់ ហើយបន្ទាប់មកបាញ់សម្លាប់ខ្លួនឯង នៅក្នុងពិធីខួបកំណើតមួយក្នុងតំបន់ Colorado Springs កាលពីថ្ងៃអាទិត្យ។ ការបាញ់ប្រហារនេះបានកើតឡើងនៅឧទ្យានផ្ទះចល័ត ជាទីដែលក្រុមគ្រួសារជាច្រើនបានប្រមូលផ្ដុំគ្នា នៅក្នុងរថយន្តចល័តមួយដើម្បីធ្វើពិធីនេះ។

ស្នងការនគរបាលតំបន់ Colorado Springs បាននិយាយថា ជនសង្ស័យជាមិត្តប្រុសម្នាក់ក្នុងចំណោមជនរងគ្រោះជាស្ត្រី បានបើកបររថយន្តទៅកាន់អគារស្នាក់នៅ រួចដើរចូល និងចាប់ផ្ដើមបាញ់ស្រោចលើមនុស្សនៅក្នុងពិធីជប់លៀងនោះ មុនពេលបាញ់សម្លាប់ខ្លួនឯង។ ទោះយ៉ាងណាគេនៅមិនទាន់ដឹងពីមូលហេតុ នាំឲ្យមានការបាញ់ប្រហារនេះនៅឡើយទេ។ ជនរងគ្រោះទាំងអស់សុទ្ធតែជាមនុស្សពេញវ័យ ប៉ុន្តែមានកុមារមួយចំនួនក៏កំពុងមានវត្តមាន នៅក្នុងរថយន្តចល័តនៅពេលនេះដែរ។ ចំណែកអត្តសញ្ញាណរបស់ក្រុមជនរងគ្រោះ និងខ្មាន់វាយប្រហារនៅមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។
ដោយឡែកកាលពីរសៀលថ្ងៃសៅរ៍ ក្រុមអាជ្ញាធរបាននិយាយថា មនុស្ស ៣នាក់ត្រូវបានគេបាញ់ឲ្យរងរបួសនៅក្នុងទីលានចតុរង្គដ៏មមាញឹក Times Square របស់ទីក្រុង New York ហើយនគរបាលកំពុងតាមចាប់ខ្លួនខ្មាន់កាំភ្លើងនៅឡើយ។ គួររម្លឹកថា កាលពីខែមីនា មនុស្ស ១០នាក់បានស្លាប់ក្នុងការបាញ់ប្រហារដ៏ធំមួយ នៅក្នុងហាងលក់គ្រឿងទេសមួយនៅទីក្រុង Boulder របស់រដ្ឋ Colorado។ ក្រោយមកជនសង្ស័យខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន។ បច្ចុប្បន្នប្រឈមនឹងបទចោទប្រកាន់ឃាតកម្មចំនួន ១០ករណី៕
អត្ថបទ៖ សុខមាន