
ដើម្បីប្រារព្ធខួប ៣ឆ្នាំ ចាប់តាំងពីមានឃាតកម្មលើលោក George Floyd ដោយនគរបាលក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ប្រជាជនសហគមន៍ បានមកជួបជុំ នៅទីលាន George Floyd ដែលជាកន្លែងកើតហេតុ នាវិថីលេខ៣៨ និង Chicago ដើម្បីអុជទៀនកាន់ទុក្ខនៅយប់ថ្ងៃព្រហស្បតិ៍ អមជាមួយនឹងការច្រៀង បួងសួង និងបន្តការអំពាវនាវឲ្យមានការផ្លាស់ប្តូរ។
ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ជនរងគ្រោះលោក Floyd ហើយសូម្បីតែអតីតគ្រូបង្រៀនម្នាក់មកពីទីក្រុង Houston បានចូលរួមការអុជទៀនគោរពនេះ ដែលត្រូវបានរៀបចំឡើងដោយសហគមន៍មូលដ្ឋាន George Floyd Global Memorial។
អំឡុងព្រឹត្តិការណ៍ យប់ថ្ងៃព្រហស្បតិ៍ នៅឯវិថីលេខ៣៨ និង Chicago លោក Brian O'Hara បច្ចុប្បន្នជាមេនគរបាលក្រុង Minneapolis រដ្ឋ Minnesota និងអតីតប្រធាន លោក Medaria Arradondo បានចូលទៅក្នុងទីលាន George Floyd មួយភ្លែត ដើម្បីចូលរួមការប្រារព្ធយា់ងប្រុងប្រយ័ត្ន ដោយនាំឲ្យមានកំហឹងពីសមាជិកមួយចំនួននៃសហគមន៍ ដែលបានប្រាប់ពួកគេថា «មិនស្វាគមន៍»។ លោក O'Hara និង Arradondo បានសង្កេតមើលព្រឹត្តិការណ៍ពីរបីនាទីមុនពេលចាកចេញជាមួយគ្នា។
បុរសស្បែកខ្មៅលោក Floyd បានស្លាប់បន្ទាប់ពីករបស់គាត់ត្រូវបានជង្គង់របស់មន្ត្រីម្នាក់ទៀតសង្កត់ អំឡុងពេលចាប់ខ្លួន។ ការសម្លាប់ Floyd បានបង្កឲ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។
លោក Derek Chauvin ជាមន្ត្រីស្បែកសម្នាក់ដែលបានលុតជង្គង់លើករបស់លោក Floyd ដែលជាប់ខ្នោះ អស់រយៈពេលជាងប្រាំបួននាទី ត្រូវបានរកឃើញថា មានពិរុទ្ធពីបទមនុស្សឃាតក្នុងឆ្នាំ២០២១។ ដោយលោក Chauvin បានលុតជង្គង់លើកញ្ចឹងករបស់ Floyd ហើយមន្ត្រីពីរនាក់ទៀត គឺលោក Thomas Lane និងលោក J. Alexander Kueng ទប់ជង្គង់ និងគូទរបស់លោក Floyd ដែលបានអង្វរសុំជីវិតរបស់ខ្លួន មុនពេលសន្លប់បាត់មាត់ឈឹង។ មន្ត្រីនៅកន្លែងកើតហេតុ ក៏ត្រូវបានចាប់ដាក់ពន្ធនាគារផងដែរ៕
