រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Gina Raimondo និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានបន្ទោសគ្នាលើគោលនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញ នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ ដែលត្រូវបានអធិប្បាយដោយការរិយាល័យរបស់លោកស្រី Raimondo ថាជាការពិភាក្សាដោយត្រង់ទៅត្រង់មកនិងមានសារៈសំខាន់។
ជំនួបរបស់រដ្ឋមន្ត្រីទាំងពីរ ក្នុងទីក្រុងវ៉ាស៊ីនតោន គឺជាការផ្លាស់ប្តូរកម្រិតគណៈរដ្ឋមន្ត្រីចិន-អាមេរិកលើកដំបូង ក្នុងប៉ុន្មានខែមកនេះ បន្ទាប់ពីការរំខានផ្នែកសន្តិសុខជាតិ និងពាណិជ្ជកម្ម ដែលបានបង្អាក់ដល់ផែនការសម្រាប់ការប្រាស្រ័យទាក់ទងជាថ្មីរវាងប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីរ របស់ពិភពលោក។
ក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភាគីទាំងពីរ មានការពិភាក្សាដោយស្មោះត្រង់ និងមានសារសំខាន់លើបញ្ហាជាច្រើន ទាក់ទងទៅនឹងទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក រួមទាំងបរិយាកាសទូទៅក្នុងប្រទេសទាំងពីរសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគ និងវិស័យនានាសម្រាប់កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល។
សេចក្តីថ្លែងការណ៍និយាយថា លោកស្រីរដ្ឋមន្ត្រី Raimondo បានលើកឡើងពីការព្រួយបារម្ភផងដែរ អំពីសន្ទុះនាពេលថ្មីៗនេះ របស់សាធារណៈរដ្ឋប្រជាមានិត្យចិន ដែលមានសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចិន៕