
ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ បាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី បន្ទាប់ពីក្រុមប្រទេស G7 បានព្រមព្រៀងកាលពីសប្តាហ៍មុន នៅក្នុងកិច្ចប្រជុំកំពូលទីក្រុង Hiroshima ដើម្បីបង្កើនវិធានាការដាក់ទណ្ឌកម្មចំពោះការវាយលុករបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក Hirokazu Matsuno និងអ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់ បានថ្កោលទោសចំណាត់ការរបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិក នៅក្នុងប្រទេសបេឡារុស ដោយនិយាយថាខ្លួននឹងពង្រឹងស្ថានភាពបន្ថែមទៀតជុំវិញការវាយលុកលើអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា នៅក្នុងសកម្មភាពសម្របសម្រួលជាមួយក្រុមប្រទេស G7 ប្រទេសជប៉ុននឹងបង្កកទ្រព្យសម្បតិ្តក្រុមហ៊ុនចំនួន៧៨ និងបុគ្គល១៧នាក់ រួមទាំងមន្ត្រីយោធានៅក្នុងប្រទេសរុស្ស៊ី និងបម្រាមនាំចេញទៅកាន់អង្គភាពរបស់រុស្ស៊ីចំនួន៨០អង្គភាព ដូចជាមន្ទីរពីសោធន៍ស្រាវជ្រាវដែលពាក់ព័ន្ធទៅនឹងយោធាជាដើម។
សេចក្តីថ្លែងការណ៍ក្រសួងពាណិជ្ជកម្ម និយាយថា ប្រទេសជប៉ុន ក៏នឹងដាក់បម្រាមលើការផ្តល់សេវាវិស្វកម្មនិងសំណង់ដល់ប្រទេសរុស្ស៊ី ទោះបីជាព័ត៌មានល្អិតនៃវិធានការនេះនឹងត្រូវបានប្រកាសនៅកាលបរិច្ឆេទពេលក្រោយក៏ដោយ។