
កូនខ្លាឈីតាតូចបីក្បាល បានងាប់ នៅប្រទេសឥណ្ឌា នាសប្តាហ៍នេះ ដែលបង្ហាញពីការបរាជ័យមួយផ្សេងទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការបញ្ចូលអម្បូរសត្វប្រភេទនេះទៅក្នុងជម្រកធម្មជាតិរបស់ប្រទេសឡើងវិញ បន្ទាប់ពីបានផុតពូជអស់រយៈពេល៧០ឆ្នាំ។
កូនខ្លាទាំងនេះ គឺជាចំណែកនៃសំបុកកូនខ្លាចំនួន៤ក្បាល ដែលបានកើត កាលពីចុងខែមីនា ពីមេរបស់វាឈ្មោះ Siyaya ដែលជាសត្វខ្លាមួយក្បាល ក្នុងចំណោមប្រាំបីក្បាល ដែលត្រូវបាននាំយកមកពីប្រទេសណាមីប៊ីទៅកាន់ឧទ្យានជាតិ Kuno របស់ប្រទេសឥណ្ឌា នៅកណ្តាលរដ្ឋ Madhya Pradesh កាលពីខែកញ្ញាឆ្នាំមុន។
លោក JS Chauhan ប្រធានផ្នែកអភិរក្សព្រៃឈើនៃរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កូនខ្លាទីមួយបានងាប់កាលព្រឹកថ្ងៃអង្គារ។ មន្ត្រីនាយកដ្ឋានព្រៃឈើបាននិយាយថា ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ កូនខ្លាពីរក្បាលផ្សេងទៀត បានងាប់ដោយសារតែ«ក្ដៅ ខ្សោះជាតិទឹក និងខ្សោយ» ខណៈដែលកូនទីបួនក៏ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដើម្បីត្រួតពិនិត្យផងដែរ។
រដ្ឋាភិបាលមិនបានបញ្ជាក់ពីមូលហេតុនៃការងាប់នោះទេ ប៉ុន្តែថ្ងៃដែលកូនខ្លាទាំងនោះងាប់ គឺជាថ្ងៃដែលក្តៅបំផុតនៃរដូវកាលនេះ ដោយសីតុណ្ហភាពឡើងដល់ ៤៦-៤៧អង្សាសេ៕