
ប្រជាជនរាប់រយនាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែឧសភា) បាននាំគ្នាចេញមកតាមដងផ្លូវ ក្នុងប្រទេសបូលីវី ដើម្បីធ្វើការទាមទារឲ្យមានចំណាត់ការលើការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ ដែលបានធ្វើឲ្យរំជើបរំជួលព្រះវិហារកាតូលិករបស់ប្រទេស។
ដោយមានការដុតរូបបព្វជិតមួយអង្គ ក្រុមបាតុករ ដែលពោរពេញដោយកំហឹង បានប្រមូលផ្តុំគ្នា នៅខាងក្រៅព្រះវិហារពីរ ក្នុងទីក្រុង La Paz ដើម្បីទាមទាររកយុត្តិធម៌។ បាតុករទាំងនោះ បានកាន់បដាសរសេរពាក្យថា «អ្នករំលោភ» នៅខាងក្រៅព្រះវិហារ ហើយខ្លះទៀត បានកាន់បដាដែលគំរាមកំហែងសម្លាប់ដោយមិនមានការកាត់ទោស ចំពោះបព្វជិត ដែលត្រូវបានរកឃើញថា មានទោសពីបទរំលោភបំពាន។
កំហឹងប្រឆាំងនឹងការចោទប្រកាន់ពីបទរំលោភបំពាន ត្រូវបានបង្កឡើងដោយការបោះពុម្ពផ្សាយកំណត់ហេតុប្រចាំថ្ងៃរបស់បព្វជាតិជាសមាជិកព្រះវិហារកាតូលិក នៅក្នុងកាសែតអេស្ប៉ាញ El Pais (អែល ប៉េអ៊ី) ដែលមានការសារភាពជាច្រើនអំពីការរំលោភបំពានផ្លូវភេទលើកុមារ នៅក្នុងសាលារៀនដែលគាត់បានគ្រប់គ្រងនៅប្រទេសបូលីវី។ មានការចោទប្រកាន់ថា មន្ត្រីព្រះវិហារ បានដឹងអំពីការរំលោភបំពាននេះ ប៉ុន្តែមិនបានចាត់វិធានការណាមួយឡើយ។
ចាប់តាំងពីខែមេសា មនុស្សប្រហែល ២០០នាក់ បានចេញមុខមកនិយាយថា ពួកគេបានទទួលរងការរំលោភបំពាន នៅក្នុងសាលារៀនដែលគ្រប់គ្រងដោយសាសនា នៅក្នុងប្រទេស។ សមាជិកបព្វជិតនានាបាននិយាយថា ពួកគេនឹងបង្កើតគណៈកម្មការចំនួនពីរ ដើម្បីស៊ើបអង្កេតការរំលោភបំពាន និងជួយជនរងគ្រោះ៕